ឯកឧត្តម ស សុខា ជំរុញសមាគមមិត្តនគរបាលផ្ដល់ប្រាក់ពលីដល់គ្រួសារសមាជិកឲ្យលឿន កុំឲ្យមានការថ្នាំងថ្នាក់

0

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមនគរបាលជាតិកម្ពុជា បានជំរុញដល់សមាគមមិត្តនគរបាលជាតិកម្ពុជា ត្រូវផ្ដល់ប្រាក់ឧបត្ថម្ភ ឬប្រាក់ពលី មរណៈ របស់សមាជិក ទៅដល់ក្រុមគ្រួសារ របស់ពួកគេឲ្យបានគ្រប់គ្រាន់ និងឆាប់រហ័ស ដើម្បីកុំឲ្យមានការថ្នាំងថ្នាក់ ។
ក្នុងពិធីបិទមហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ថវិកានៃសមាគមមិត្តនគរបាលជាតិកម្ពុជាមានគ្រប់គ្រាន ប៉ុន្តែការបើក ឬផ្ដល់ប្រាក់ឧបត្ថម្ភជូនទៅដល់ក្រុមគ្រួសារសព ដែលជាសមាជិក មានការយឺតយ៉ាវ ដោយពេលខ្លះមានរយៈពេល១ ទៅ២ខែ ។
ឯកឧត្តមបន្តថា ដូចនេះប្រធានសមាគមថ្មី ត្រូវធ្វើការពិនិត្យ ចំពោះភាពយឺតយ៉ាវនៃការស្នើសុំ ឬរបៀបរបប ត្រូវតម្រងទិសធ្វើម៉េចយ៉ាងយូរឲ្យក្រោម ១២ថ្ងៃ នៃថ្ងៃធ្វើការ ដែលរយៈពេលប៉ុណ្ណេះ គឺមានភាពសមរម្យផ្ចង់នឹងកំណែទម្រង់ថ្មី ធ្វើម៉េចកុំឲ្យមានរយៈពេលយូរពេក ។
ឯកឧត្តម ស សុខា បានបន្ថែមថា មួយទៀតកន្លងមកគណៈកម្មការនៅតាមមូលដ្ឋាន អនុវត្តន៍បានល្អរួចហើយ ប៉ុន្តែការងារមួយចំនួន មានមន្ត្រីមួយចំនួននៅថ្នាក់ក្រោមជាតិ បានបំពេញកាតព្វកិច្ចដែលប្រគល់ជូន ពិសេសក្នុងការសម្របសម្រួលរៀបចំពិធីបុណ្យសព របស់សមាជិក ខ្លះធ្វើលើសតួនាទីប្រគន់ជូន ប៉ុន្តែខ្លះមិនបានធ្វើគ្រប់លក្ខណៈប្រគល់ជូន ហើយសូមស្នើដល់សមាគមពិនិត្យលើការងារនេះឡើងវិញ ។
ជាមួយនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអំពាវនាវបន្ថែម ដល់សប្បុរសជននានា បន្តជួយឧបត្ថម្ភគាំទ្រ ដល់សមាគមមិត្តនគរបាលជាតិកម្ពុជា ដែលជាការលើកទឹកចិត្តដល់កងកម្លាំងនគរបាល ឲ្យកាន់តែខិតខំថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការថែរក្សាសន្តិសុខសណ្ដាប់សង្គម ហើយជំរុញត្រូវបន្តប្រឹងប្រឹងបន្ថែមទៀត ៕