កំពង់ធំ÷ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំពិធីផ្សព្វផ្សាយផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ និងសំណេះសំណាលជាមួយយោធិនត្រៀមចូលសោធននិវត្តន៍តាមការកំណត់ក្នុងឆ្នាំ២០២៣ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងនាយការិយាល័យ ស្ថាប័នចំណុះយ៉ាងច្រើនកុះករបានអញ្ជើញចូលរួមផងដែរ។
ជាកិច្ចចាប់ផ្ដើមលោកវរសេនីយ៍ទោ នូ វុទ្ធា នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានលិខិតលេខ៥១០/២០២៣ របស់អគ្គបញ្ជាការ ស្ដីពីការស្នើសុំគោលការណ៍ក្នុងការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ និងបានផ្សព្វផ្សាយខ្លឹមសារសារទូរលេខរបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ស្ដីពីផែនការណែនាំក្នុងការរៀបចំវាយតម្លៃយោធិន ដែលត្រូវដាក់យោធិនឲ្យចូលនិវត្តន៍សម្រាប់ឆ្នាំ២០២៤ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះយោធិនដែលត្រូវត្រៀមដាក់ឲ្យចូលនិវត្តន៍ក្នុងឆ្នាំ២០២៣ តាមការកំណត់របស់ក្រសួងការពារជាតិ ដែលកន្លងមកបងប្អូនយោធិនយើងបានខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយបងប្អូនមួយចំនួនទៀត បានរួមចំណែកយ៉ាងសកម្មក្នុងសម័យសង្គ្រាម ដើម្បីការពារទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត តែបច្ចុប្បន្នបងប្អូនមានសុខភាពទ្រុឌទ្រោម ដែលត្រូវសម្រាកការងារ ហើយនិងត្រូវបន្តទទួលប្រាក់បៀវត្សពីរាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ជាមួយនោះបងប្អូននឹងត្រូវបានទទួលការមើលថែទាំពីគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាផងដែរ។
នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ រួមជាមួយមេបញ្ជាការអង្គភាពសាមុី ក៏បានឧបត្ថម្ភកញ្ចប់ថវិកាមួយចំនួនជូនដល់យោធិន ដែលត្រូវត្រៀមចូលនិវត្តន៍ឆ្នាំ២០២៣ ហើយនឹងត្រូវទៅទទួលបានការបំពាក់ឋានន្តរសក្តិ មួយថ្នាក់បន្ថែមទៀត និងកញ្ចប់ថវិកាមួយចំនួនពីប្រមុខរាជរដ្ឋាភិបាលនៅពេលខាងមុខនេះ នៅទីបញ្ជាការយោធភូមិភាគទី៤។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ នៅពេលខាងមុខ ដោយយកចិត្តទុកដាក់ក្នុងការវាយតម្លៃយោធិន ដែលត្រូវត្រៀមដាក់ឲ្យចូលនិវត្តន៍ប្រចាំឆ្នាំ ២០២៤ និងផែនការកំណែទម្រង់ផ្សេងៗទៀតរបស់កងយោធពលខេមរភូមិន្ទ ស្របតាមគោលការណ៍ណែនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមនាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤ ដែលបានដាក់ចេញ ឲ្យទទួលបានជោគជ័យ ។
ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងបណ្ដាលការិយាល័យស្ថាប័នចំណុះ បានប្តេជ្ញាចិត្តក្នុងការចូលរួមអនុវត្តនូវផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ ឱ្យទទួលបានលទ្ធផលល្អ និងជោគជ័យតាមផែនការ ដែលបានគ្រប់ទុក ។