រាជធានីភ្នំពេញ : សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែង ជំរុញឲ្យអាជ្ញាធរចាត់ វិធានការឲ្យដូចជាភ្លៀងរលឹម ក្នុងការបង្រ្កាបដល់មន្រ្តីប្រដាប់អាវុធណា ដែលបាញ់បោះសេរី និងប្រើប្រាស់គ្រឿងញៀន ខណ:ពេលនេះ មន្រ្តីប្រដាប់អាវុធ ៤រូប ដែលបានបាញ់រាប់រយគ្រាប់នៅគិរីរម្យ ត្រូវបានដកចេញពីក្របខណ្ឌ។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែង ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាបតភ្ជាប់ រវាងតំបន់អភិវឌ្ឍន៍កោះពេជ្រ-កោះនរា នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
គួររំលឹកថា កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីបាញ់បោះសេរីមួយនៅចំការតែ លើភ្នំគីរីរម្យ ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ករណីនេះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវរកអ្នកប្រព្រឹត្ត និងបានកំណត់មុខសញ្ញា ដោយរកឃើញមានចំនួន ៤នាក់ ជាមន្ត្រីប្រដាប់អាវុធ មន្ត្រីទាំង ៤នាក់នោះ នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដើម្បីធ្វើជាគំរូ គឺត្រូវតែអនុវត្ត។