សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានផ្តល់អាវរងារដល់កងទ័ពទិសទី១ ប្រាសាទព្រះវិហារ

0

ខេត្តព្រះវិហារ៖ អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បាននាំយកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន មកផ្តល់ជូន នាយទាហាន នាយទាហានរង និងពលទាហាន របស់ ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងបណ្តាអង្គភាពចំណុះទាំងអស់ នៃទិសទី១ ប្រាសាទព្រះវិហារ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ពិធីចែកអំណោយអាវរងារ នៅក្នុងទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៃទិសទី១ ប្រាសាទព្រះវិហារ នោះ ក៏មានការចូលរួមពី អភិបាលខេត្តព្រះវិហារ គីម រិទ្ធី ​,មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ,មេបញ្ជាការ មេបញ្ជាការរងអង្គភាពចំណុះ កងពលធំអន្តរាគមន៍លេខ៣ មន្ទីរ អង្គភាព និងកងកម្លាំងទាំង៣ នៃខេត្តព្រះវិហារ ផងនោះដែរ។

មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានលើក ឡើង ពីសភាពការណ៍ទូទៅ នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន កម្ពុជា- ថៃ-ឡាវ ដែលគណៈ បញ្ជាការឯកភាពទិសទី១ទទួលខុសត្រូវ។ លោកថា រហូតមកដល់ពេលនេះ ហាក់មានសភាពស្ងប់ស្ងាត់ធម្មតា បើទោះបីកន្លងមក ធ្លាប់មានសកម្មភាពមិនប្រក្រតីខ្លះៗ បានកើតឡើងយ៉ាងណាក្តី តែភាគីទាំងសងខាង បានព្យាយាមរួមគ្នាដោះស្រាយដោយសន្តិវិធី និងបញ្ចៀសបាន រាល់សកម្មភាពទាំងឡាយណា ដែលនាំអោយឈានទៅរកការប្រឈមមុខគ្នា ដោយប្រដាប់អាវុធ។ ជាមួយនេះ បណ្តាអង្គភាពជួរមុខទាំងអស់ បាននឹងកំពុងអនុវត្តបានយ៉ាងមានប្រសិទ្ធភាព នូវយុទ្ធសាស្ត្រសំខាន់ៗ ទាក់ទងនឹងបញ្ហាព្រំដែន បន្តអនុវត្តចក្ខុវិស័យ ប្រែក្លាយអតីតតំបន់ប្រយុទ្ធ មកជាតំបន់អភិវឌ្ឍន៍ ពីសមរភូមិ ទៅជាទីផ្សារ ពីស្នូរគ្រាប់កាំភ្លើង ទៅជាកន្លែងសូត្រធម៌ ស្តាប់ភ្លេង ស្តាប់ចម្រៀង ពីតំបន់គ្រោះថ្នាក់ អោយទៅជាតំបន់ទេសចរណ៍ និងកសាងខ្សែបន្ទាត់ព្រំដែន ជាមួយ ប្រទេសជិតខាង អោយទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងមានការអភិវឌ្ឍន៍ លើគ្រប់វិស័យ។

អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត​ បានថ្លែង ពាំនាំការសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជានិច្ចកាល សម្តេចទាំងទ្វេ នៅតែគិតគូពីភាពសុខទុក្ខរបស់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសកងកម្លាំងដែលឈរជើងនៅតាមបណ្តោយព្រំដែន។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត​ បានថ្លែង កោតសរសើរ ដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ហើយបានខិតខំបំពេញភារកិច្ចរបស់ខ្លួនជូនជាតិ មាតុភូមិ ដោយបង្ហាញនូវភាពម៉ឺងម៉ាត់ក្នុងការថែរក្សា សន្តិសុខ សន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី និងបានបន្តចូលរួមយ៉ាងសកម្ម ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ នៅក្នុងស្ថានការណ៍គ្រោះមហន្តរាយនានា។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត​ បានថ្លែង លើកទឹកចិត្តកងទ័ពទាំងអស់ អោយបន្តរក្សាស្មារតីសេ្នហាជាតិ សាសនា ព្រះមហាក្សត្រ និង ការពារសុខសន្តិភាព អោយបានស្ថិតស្ថេរយូរអង្វែង ហើយបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីថែរក្សានូវសមិទ្ធផលនានា ដែលបុព្វបុរសជំនាន់មុនៗ បានបង្កើត និងបន្សល់ទុកអោយជំនាន់ក្រោយ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត​ បានបញ្ជាក់ថា សុខសន្តិភាព ប្រៀបបានទៅនឹងខ្យល់ដង្ហើម ដែលមនុស្សទាមទារជាចាំបាច់ក្នុងការរស់រានមានជីវិត ព្រោះថា សង្គ្រាម ការបាក់បែក នឹងចូលខ្លួនមកជំនួស បើអវត្តមានសន្តិភាព  ដូច្នេះ សូមកងកម្លាំងប្រដាប់អាវុធដែលជាកម្លាំងជួរមុខ បន្តការពារ និងថែរក្សានូវសុខសន្តិភាព ដែលយើងមានសព្វថ្ងៃ អោយបានគង់វង្ស៕ដោយ៖ឡុង សំបូរ