ថ្នាក់ដឹកនាំកងទ័ពជើងគោក នាំយកអាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាគទី១

0

ខេត្តស្ទឹងត្រែង៖ អគ្គនាយក ​អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរង កងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានអញ្ជើញដឹកនាំគណៈប្រតិភូ នាំយកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនដល់កងកម្លាំងប្រដាប់អាវុធ នៃទិសយោធភូមិភាគទី១ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១។

ពិធីសំណេះសំណាល និងចែកអាវរងារនាពេលនោះ ក៏មានការអញ្ជើញចូលរួមពី មេបញ្ជាការយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ លី សារ៉ារិទ្ធ ,អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ,មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ លោកឧត្តមសេនីយ៍ទោ មៀច សាមុត ,មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី តន ឆៃ ,មេបញ្ជាការ មេបញ្ជាការរង នៃកងឯកភាពចំណុះយោធភូមិភាគទី១ ,កងកម្លាំងនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ផងដែរ។

អគ្គនាយក ​អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរង កងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា ជានិច្ចកាល សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែផ្តល់ និងចែកអំណោយជាអាវភ្លៀង អាវរងារចំនួនពីរលើក ក្នុងមួយឆ្នាំ ជូនដល់កងកម្លាំងប្រដាប់អាវុធពុំដែលអាក់ខានឡើយ ក្នុងនោះអាវភ្លៀង ១លើក សម្រាប់រដូវភ្លៀង និងអាវរងារ ១លើក សម្រាប់រដូវត្រជាក់ជារៀងរាល់ឆ្នាំ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំរូវីរភាពដ៏អង់អាចក្លាហាន របស់កងកម្លាំងប្រដាប់អាវុធ នៅទិសយោធភូមិភាគទី១ ដែលបានពុះពារឆ្លងកាត់គ្រប់ឧបសគ្គ បូជាទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងហានលះបង់ពលីជីវិត ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជននៃយើង។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ គឺជាកម្លាំងដ៏សំខាន់មិនអាចខ្វះបាន នៅក្នុងការរក្សាបាន នូវការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសណ្តាប់ធ្នាប់សង្គម ជូនប្រទេសជាតិ និងប្រជាជន និងលោកឧត្តមសេនីយ៍ឯក បានថ្លែងក្រើនរំលឹក ដល់កងកម្លាំងទាំងអស់ ត្រូវគោរព និងការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារដាច់ខាតសុខសន្តិភាព និងចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន លើគ្រប់វិស័យ៕ដោយ៖ឡុង សំបូរ