ពិធីប្រណាំងទូក”ង”បានធ្វើឡើងនៅខេត្តស្ទឹងត្រែង ដើម្បីជ្រើសរើសជើងឯក ទៅចូលរួមប្រកួតប្រជែង ក្នុងព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ

0

ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានអញ្ជើញជាអធិបតីក្នុងពិធី ប្រណាំងទូក “ង” ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីជ្រើសរើសជើងឯក ទៅចូលរួមប្រកួតប្រជែង និងអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ។ ពិធីនេះបានប្រព្រឹត្តទៅមានរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី១៧-១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅដងទន្លេសេកុង ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ទូក “ង” ដែលចូលរួមអុំ ប្រណាំង នៅរយៈពេល ៣ថ្ងៃនេះ មានចំនួន ៨គូ កន្លះ ស្មើនឹង ១៧ទូក មកពីតាមបណ្តាមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង-ស្រុកទាំង៦ ចំណុះរដ្ឋបាលខេត្តស្ទឹងត្រែង។

អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង មានប្រសាសន៍ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក គឺ​ជាប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់ប្រជាជាតិខ្មែរ មានតាំងពីយូរលុងណាស់មកហើយ  ដែលបុព្វបុរស ចាស់ព្រឹទ្ធាចារ្យ បានគោរព និងមានជំនឿសាសនា រហូតមកដល់ពេលបច្ចុប្បន្ន។

លោកអភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ទៀតថា ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ជារៀងរាល់ឆ្នាំកម្ពុជា តែងតែប្រារព្ធពិធីនេះមិនដែលខកខាន។ ដោយឡែក នៅខេត្តស្ទឹងត្រែង ការរៀបចំពិធីប្រណាំងទូក ក៏ជាការបង្ហាញអំពីប្រពៃណី ទំនៀមទម្លាប់ ដែលមានតាំងពីយូរណាស់មកហើយ ជាពិសេសដែលរដ្ឋបាលខេត្ត ចាប់អារម្មណ៍បំផុតនោះ គឺខេត្តស្ទឹងត្រែង ក៏បានរៀបចំកម្មវិធីនេះជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំមកដែរ។

ប៉ុន្តែ កម្មវិធីប្រណាំងទូកនេះ ក៏ត្រូវបានអាក់ខានវិញ រយៈពេលជាង ៣ឆ្នាំរួចមកហើយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយសារយើងបានរង នូវផលប៉ះពាល់ពីជំងឺកូវីដ១៩ ដែលបង្កផលប៉ះពាល់ទៅពិភពលោកទាំងមូល ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា ផងដែរ។

អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា ឆ្នាំនេះ ក្រោយពេលប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់មក ជាពិសេសកម្ពុជា បានឆ្លងផុតពីផលប៉ះពាល់ជាវិជ្ជមាន ដោយសារជំងឺកូវីដ១៩។ លោកថា រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧នេះ ក៏បានចាត់តាំងរៀបចំ នូវកម្មវិធីបុណ្យប្រពៃណីជាតិ ទៅតាមប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងឡើងវិញ ដើម្បីបង្ហាញឲ្យឃើញថា កម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍ បង្កបរិយាកាសទៅដល់ប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទាំងមូលផងដែរ ៕ដោយ៖ឡុង សំបូរ