ព្រះវិហារ៖ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានលើកឡើងថា បើប្រទេសជាតិគ្មានសុខសន្តិភាព យើងទាំងអស់គ្នា ក៏មិនមានឱកាសបង្កើតនូវកម្មវិធីជួបជុំដូចថ្ងៃនេះ នោះឡើយ ។
លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានលើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាល និងពិសារបាយសាមគ្គី ជាមួយបងប្អូនយោធិនសោធននិវត្តន៍ កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានបន្តថា បើទោះបីជាបងប្អូនត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ ទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាក្តី ក៏បងៗ និងប្អូនៗ នៅតែអាចចូលមកសំរាកលេង ជាមួយយុទ្ធមិត្តយើងបានជាធម្មតា។ លោកថាពួកយើងទាំងគ្នានៅតែចងចាំមិនអាចភ្លេចបាននូវស្នាដៃ និងវីរៈភាពដ៏អស្ចារ្យ ក្នុងការលះបង់ នូវសាច់ស្រស់ ឈាមស្រស់ និងពេលវេលា រស់នៅជុំជាមួយក្រុមគ្រួសារ ចូលរួមបម្រើជាតិមាតុភូមិ នាពេលកន្លងមកនេះ ។
ជាមួយគ្នានោះលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន ក៏បានធ្វើការផ្ដាំផ្ញើទៅកាន់បងប្អូន យោធិនទាំងអស់ ក្រោយពេលត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសារ ត្រូវធ្វើជាពលរដ្ឋល្អ ចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ឲ្យមានការរីកចម្រើន និងថែរក្សាសុខសន្តិភាព ដែលប្រទេសជាតិ យើងមានសព្វថ្ងៃនេះ ឲ្យបានគង់វង្សយូរអង្វែង ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕ សួនលីណា