ប្រកាសចូលកាន់មុខតំណែងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង

0

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ែន សារ៉ុន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ទោ កៅ តឹក មេបញ្ជាការងយោធភូមិភាគទី២ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី២ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកឧត្តមសេនីយ៍ត្រី ថុល សុធី ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង។
ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវការកោតសសេីនូវស្នាដៃនិងសមិទ្ធផលល្អៗជាច្រេីនក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ែន សារ៉ុន អតីតមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងស្វាយរៀង ក្នុងនោះក៏សូមចូលរួមអបអរសាទរឯកឧត្តម ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ព្រមទាំងសូមអបអរសាទរជាមួយលោកមញ្ជាការថ្មី ដែលត្រូវបានតែងតាំងមុខតំណែង និងប្រកាសនាពេលនេះ ដែលនេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយឈរលើការពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់ ពិសេសវាយតម្លៃអំពីឆន្ទៈ សមត្ថភាព អតីតភាពការងារ ចំណេះដឹង បទពិសោធន៍ និងលក្ខណៈសម្បត្តិជាច្រើនទៀត។
លោកឧត្តមសេនីយ៍ទោ កៅ តឹក មេបញ្ជាការងយោធភូមិភាគបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំរបស់កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តដឹកនាំនាវាកម្ពុជា ធានាបាននិរន្តរភាពជាតិ សន្តិភាព ស្ថិរភាពយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ក៏បានផ្តាំផ្ញើដល់គ្រប់កងឯកភាពនៃតំបន់ប្រតិបត្តិការសឹករងខេត្តត្រូវយកចិត្តទុកដាក់កសាងធនធានមនុស្សគ្រប់ជំនាញ ឲ្យសមស្របទៅនឹងផែនការយុទ្ធសាស្ត្រកំណែទម្រង់កងយោធពលខេមរភូមិន្ទ ដោយធ្វើការបណ្តុះបណ្តាលនាយទាហានវ័យក្មេងមានសមត្ថភាពឱ្យចូលក្នុងជួរថ្នាក់ដឹកនាំផងដែរ៕គឹមសេង