ខេត្តស្ទឹត្រែង៖ សាលាអនុវត្តន៍ខេត្តស្ទឹងត្រែង នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគឦសាន បានរកឃើញសិស្សដែលទទួលបានចំណាត់ថ្នាក់ល្អ ពីលេខ១ ដល់លេខ៥ ចំនួន ១៣១នាក់ ក្នុងចំណោមសិស្សសរុប ៩១១នាក់ នៅបំណាច់ឆ្នាំសិក្សា២០២២-២០២៣នេះ។
ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងសិក្សា ក្នុងរយៈពេលមួយឆ្នាំពេញរបស់ សិស្សានុសិស្សទាំងអស់ ពិសេសសិស្សានុសិស្ស ដែលខិតខំរៀនសូត្រ រហូតទទួលបានចំណាត់ថ្នាក់ល្អ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាយកមជ្ឈមណ្ឌលគរុកោសល្យភូមិភាគឦសាន ,នាយិកាសាលាបឋមសិក្សាអនុវត្តន៍ខេត្តស្ទឹងត្រែង ,នាយរង និងលោកគ្រូ អ្នកគ្រូ បានធ្វើពិធីចែករង្វាន់ និងផ្តល់ប័ណ្ណសរសើរដល់សិស្ស ដែលទទួលបានចំណាត់ថ្នាក់ល្អ ពីលេខ១ ដល់លេខ៥ ចំនួន ១៣១នាក់ ស្រី ៨៥នាក់។
នៅក្នុងឱកាសនោះ នាយិកាសាលាបឋមសិក្សាអនុវត្តន៍ខេត្តស្ទឹងត្រែង លោកស្រី អ៊ុង សុភាព បានថ្លែងថា សាលាមានសិស្សសរុប ចំនួន ៩១១នាក់ ស្រី ៤៥៥នាក់ ក្នុងចំណោមសិស្សទាំងអស់ លទ្ធផលសិស្សទទួលបានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥ មានចំនួន ១៣១នាក់ ស្រី ៨៥នាក់ ដោយក្នុងនោះ សិស្សជាប់ចំណាត់ថ្នាក់លេខ១ មាន ២២នាក់ ស្រី ១៥នាក់ ,ចំណាត់ថ្នាក់លេខ២ មាន ២១នាក់ ស្រី ១៥នាក់ ,ចំណាត់ថ្នាក់លេខ៣ មាន ២២នាក់ ស្រី ១២នាក់ ,ចំណាត់ថ្នាក់លេខ៤ មាន ២១នាក់ ស្រី ១៤នាក់ និងចំណាត់លេខ៥ មាន ៤៥នាក់ ស្រី ២៩នាក់។
លោកស្រី អ៊ុង សុភាព បានថ្លែងទៀតថា រយៈពេល ២ឆ្នាំកន្លងមកនេះ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ កន្លងទៅ សាលាបានចេញលិខិតអំពាវនាវដល់សហគមន៍ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស អាជីវករ អតីតសិស្សបឋមសិក្សាសាលាអនុវត្តន៍ ដើម្បីសាងសង់រូបសំណាក ព្រះបាទជ័យវរ្ម័នទី៧ លោកតាក្រមង៉ុយ និងសម្តេចព្រះសង្ឃរាជជួនណាត ដែលនៅក្នុងគម្រោងលើក អស់ទឹកប្រាក់ ១៦លានរៀល ហើយទឹកប្រាក់ដែលបានមកពីការឧបត្ថម្ភនេះ គឺគ្រប់គ្រាន់នៅក្នុងការសាងសង់រូបសំណាកទាំង៣ ដោយទទួលបានជោគជ័យតាមការគ្រោងទុក។ ដោយឡែក សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ទឹកប្រាក់ ៨លាន ៩សែន ១ម៉ឺន ៥០០រៀល គឺគ្រប់គ្រាន់នៅក្នុងការរៀបចំបង់អង្គុយ សាងសង់កន្លែងដាក់កង់-ម៉ូតូសិស្ស ជួសជុល និងលាបថ្នាំរូបសត្វទាំង១២។
នាយករងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគឦសាន ខេត្តស្ទឹងត្រែង លោក រស់ គាន់ បានថ្លែង លើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំបន្ថែមទៀត ក្នុងការសិក្សា ដើម្បីទទួលបានចំណាត់ល្អ នៅក្នុងឆ្នាំបន្តបន្ទាប់ទៅមុខទៀត និងលោកបានក្រើនរំលឹក ដល់មាតា បិតា ឬ អាណាព្យាបាលសិស្សទាំងអស់ សូមជួយជំរុញ និងអប់រំកូនៗ ឲ្យខិតខំរៀនសូត្រ និងស្វ័យសិក្សានៅឯផ្ទះ ដើម្បីទទួលបានចំណាត់ល្អ ឬ និទ្ទេសល្អ បូករួមទាំងការមានវិន័យល្អ សីលធម៌រស់នៅល្អ និងគោរពបទបញ្ជាផ្ទៃក្នុងសាលាឲ្យខ្ជាប់ខ្ជួនផងដែរ។
កុមារី ដែលតំណាងឲ្យសិស្សជាប់ចំណាត់ថ្នាក់ល្អ ពីលេខ១ ដល់លេខ៥ បានឡើងមានចំណាប់អារម្មណ៍ក្នុងពេលនោះថា លោកអ៊ំ គណៈអធិបតី លោកអ៊ំ ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ មិត្តកុមារា និងមិត្តការី ជាទីគោរព ជាទីស្នេហា ពិធីផ្តល់ប័ណ្ណសរសើរនេះ បានធ្វើឲ្យយើងខ្ញុំជាកុមារ រំភើប សប្បាយក្នុងចិត្តក្រៃលែង យើងខ្ញុំទាំងអស់គ្នា នឹងខិតខំរៀនសូត្រ ដើម្បីឲ្យសមទៅនឹងការគិតគូរ ទទួលខុសត្រូវរបស់ លោកអ៊ំ គណៈអធិបតី លោកអ៊ំ ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ និងសង្គមជាតិទាំងមូល។
ក្នុងនាមកុមារទាំងអស់ កុមារី បានសន្យា និងប្តេជ្ញាចិត្តថា គោរព និងអនុវត្តតាមដំបូន្មានល្អៗ របស់ឪពុក ម្តាយ លោកគ្រូ អ្នកគ្រូ ជានិច្ច ,ចូលរួមបំបាត់នូវរាល់អំពើហឹង្សា ប្រាសចាកសីលធម៌ ,រក្សាប្រពៃណីជាតិ និងវប្បធម៌ជាតិ ,កសាងសាមគ្គីភាព ក្នុងស្មារតីសន្តិភាព រវាងកុមារទាំងអស់ ដោយមិនប្រកាន់វណ្ណៈ ,មិនប្រព្រឹត្តល្បែង និងគ្រឿងញៀន ដែលនាំឲ្យប៉ះពាល់ដល់សង្គមជាតិ និងខិតខំកសាងចរិយាសម្បត្តិល្អ ឲ្យសមជាកុលបុត្រ កុលធិតាខ្មែរ ពោល គឺ (ធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ) នៅក្នុងសង្គមជាតិ៕ដោយ៖ឡុង សំបូរ