កំពង់ឆ្នាំង៖ប្រជាពលរដ្ឋរាប់រយនាក់នៅថ្ងៃទី១០ដល់ ១៣ ខែតុលា ឆ្នាំ២០១៤ បានភ្ញាក់ផ្អើលនាំគ្នាទៅមើលស្ត្រីកើតកូនមកជាពងនិងចិញ្ចៀន២វង់ដែលកំពុងស្នាក់នៅក្នុងវត្តព្រះឥន្ទកោសីស្ថិតនៅក្នុងភូមិព្រៃព្រាល ឃុំអញ្ចាញរូង ស្រុកបរិបូរណ៌ ដែលភាគច្រើនមានជំនឿអរូបិយដោយយល់ថា រូប
ដែលចូលសណ្ឋិតស្ត្រីរូបនោះនិងជួយព្យាបាលជម្ងឺនានាអោយអ្នកស្រុកបានជាសះស្បើយ។
អ្នកស្រុកក្នុងភូមិព្រៃព្រាលបាននិយាយតៗគ្នាថា៖ស្ត្រីឈ្មោះ ជា អ៊ីត អាយុ៤២ឆ្នាំ មានកូន៥នាក់ និងមានប្តីឈ្មោះ ប៊ូ រុន អាយុ៥២ឆ្នាំ ជាកសិកររស់នៅក្នុងភូមិព្រៃព្រាល ឃុំអញ្ចាញរូង បានកើតកូនកាលពី៣ខែមុនជាពង១គ្រាប់ និងកើតកូននៅក្នុងវត្ត២លើកទៀតជាចិញ្ចៀន២វង់នៅថ្ងៃទី០៨និង០៩ ខែតុលា រួចមកភាពភ្ញាក់ផ្អើលតៗគ្នា ក៏កើតមានឡើងតែខ្លះជឿនិងខ្លះមិនជឿឡើយ ហើយនៅថ្ងៃទី១០ដល់១១ ខែតុលា ឆ្នាំ២០១៤នេះ មានអ្នកផ្អើលទៅមើលរាប់រយនាក់ ដែលភាគច្រើនមានជំនឿអរូបិយ និងអ្នកមានជម្ងឺមួយចំនួនក៏ទៅដេករង់ចាំសុំការព្យាលពីស្ត្រីមានកូនជាចិញ្ចៀននោះផងដែរ ដោយមានសង្ឃឹមថាជម្ងឺខ្លួននិងជាសះស្បើយ។
លោក ធន់ រតនា នាយប៉ុស្តិនគរបាលរដ្ឋបាលអញ្ចាញរូង បាននិយាយអាយដឹងនៅល្ងាចថ្ងៃទី១២ ខែតុលានេះថា៖នៅថ្ងៃទី១០ដល់១២ ខែតុលានេះ លោកបានឃើញអ្នកស្រុករាប់រយនាក់ ដែលភាគច្រើនរស់នៅក្នុងស្រុកបរិបូរណ៌និងមួយចំនួនតូចមកពីខេត្តក្រុងឆ្ងាយៗបានផ្អើលមកមើលពិតមែន ហើយភាគច្រើមានជំនឿ អុជធូបបន់ស្រន់សុំពរជ័យសុំសេចក្តីសុខ ប៉ុន្តែមកដល់ថ្ងៃនេះស្ត្រីកើតកូនចម្លែកនេះ មិនទាន់មានសកម្មភាពព្យាបាលជម្ងឺធំដុំនៅឡើយ គឺឃើញមានការប្រោះព្រុំបាញ់ទឹកអប់ខ្លះៗអោយអ្នកមានជំនឿនិងអ្នកឈឺ។
បុរសឈ្មោះ ធុច ម៉ា អាយុ៤៥ឆ្នាំ និងស្ត្រីឈ្មោះ ហោ សៀម អាយុ៤៧ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំក្រាំងស្គារ ស្រុកទឹកផុស ជាសាច់ញាតិស្ត្រីកើតកូនជាចិញ្ចៀនបាននិយាយអោយក្រុមអ្នកយកព័ត៌មានយើងដឹងនៅល្ងាចថ្ងៃទី១២ ខែតុលាថា៖ពួកគាត់និងសាច់ញាតិក្នុងភូមិ៥ទៅ៦នាក់ជាអ្នកជួយទប់ពោះពង់ស្ត្រីឈ្មោះ ជា អ៊ីតក្នុងពេលឈឺពោះសំរាលកូននៅលើសាលាឆាន់ ពិតជាបានឃើញផ្ទាល់ភ្នែកថា ស្ត្រីឈ្មោះ ជា អ៊ីត បានប្រសូតកូនមកជាចិញ្ចៀន២វង់នោះមែន គឺនៅថ្ងៃសីលទី០៨ ខែតុលា ម៉ោង៣រសៀល ប្រសូតបានចិញ្ចៀន១វង់ និងនៅព្រឹកថ្ងៃទី០៩ ខែតុលាម៉ោង៩និង៣០នាទី ប្រសូតបានចិញ្ចៀន១វង់ទៀត ចំណែករឿងកើតកូនមកជាពង១នោះពួកគាត់អត់បានដឹងទេ។
លោក ផៃ សាវី មន្ត្រីនគរបាលប៉ុស្តិអញ្ចាញរូងបានអោយដឹងថា៖នៅយប់ថ្ងៃទី១១ ខែតុលា លោកបានសាកសួរស្ត្រីឈ្មោះ ជា អ៊ីត ដោយផ្ទាល់មាត់ពេលគ្មានរូបសណ្ឋិតក្នុងខ្លួន ដោយស្ត្រីនោះនិយាយអោយលោកដឹងថា៖ពេលរូបចូលសណ្ឋិតក្នុងខ្លួនគាត់ៗមិនបានដឹងខ្លួនថាបានធ្វើអ្វី ឬនិយាយអ្វីនោះទេ ហើយការប្រសូតម
កជាកូនពង និងជាចិញ្ចៀន២វង់នោះ សួរអ្នកបានឃើញនិងភ្នែកទៅដឹងហើយ។
តាមការពិនិត្យ និងវិភាគរបស់ក្រុមអ្នកយកព័ត៌មានយើងក្នុងជំនឿ ឬគ្មានជំនឿ របស់ប្រជាពលរដ្ឋមាន២ចំណុចផ្សេងគ្នា គឺ១ស្ត្រីរូបនោះមានដោះឡើងតឹងដូចស្ត្រីដែលមានកូនខ្ចីពិតមែននេះគឺជាចំណុចដែលគេជឿ២ចំណុចដែលគេមិនជឿនោះព្រោះតែគេមិនបានឃើញផ្ទាល់ភ្នែក។ប៉ុន្តែទោះបីមានអ្នកអះអាងថាបានឃើញផ្ទាល់ភ្នែកដូចខាងលើនេះ ថាបានជួយរិតពោះពុងនិងឃើញស្ត្រីរូបនោះសំរាលកូនមកជាពងជាចិញ្ចៀន២វង់នេះពិតមែនក៏ដោយ ក៏មតិមួយចំនួនថាអ្នកអះអាងនោះគឺសុទ្ធតែជាសាច់ញាតិរបស់គេ ហើយគេឆ្ងល់ថាពួកគេរស់នៅក្នុងភូមិឃុំស្រុកខុសគ្នា ហេតុអីក៏មកលេងជាមួយស្ត្រីកើតកូនជាចិញ្ចៀននោះ ស្របចំពេលដែលគេឈឺពោះសំរាលកូននោះ អីក៏ចៃដន្យម្ល៉េះ..!ដូច្នេះរឿងខាងលើនេះកំពុងស្ថិតក្នុងភាពមន្ទិលសង្ស័យនិងមានអាថ៌កំបាំងនៅឡើយ។ការនឿទៅលើជំនឿផ្សេងៗត្រូវបានគោរពនិងការពារដោយច្បាប់ គឺពុំមានអ្នកណាអាចបំបិតសិទ្ធិសេរី ភាពមនុស្សក្នុងជំនឿបានឡើយ។
ប៉ុន្តែកុំភ្លេចថាអំពើឆរបោក ក្លែងបន្លំ បើគេរកឃើញនិងបើមានអ្នកប្តឹងផ្តល់ ក៏មានទោសចំពោះមុខច្បាប់ផងដែរ។ ហេតុនេះសមត្ថកិច្ចនិងអាជ្ញាធរនៅក្នុមូលដ្ឋានគួរតែ ធ្វើការស្រាវជ្រាវអោយបានដឹងច្បាស់ ម្យ៉ាងកុំអោយគេយកវត្តអារាមជាកន្លែងគោរពបូជា និងយកព្រះពុទ្ធសាសនាមកធ្វើជាលេស និងកុំអោយប្រជាពលរដ្ឋយើងចាញ់បោកជនខិលខូចមួយចំនួនទើបជាការល្អ។ ព្រោះថាកន្លងមកគេធ្លាប់ដឹងឮ និងធ្លាប់ឃើញថាអបិយជំនឿមួយចំនួនដែលធ្លាប់កើតមានក្នុងស្រុកមួយចំនួនដូចជា៖ សត្វគោលិតព្យាបាលជម្ងឺនៅស្រុកទឹកផុស រឿងស្ងោរកន្ទួក និងសណ្តែកបាយព្យាបាលជម្ងឺនៅក្នុងស្រុកកំពង់ត្រឡាច ដែលល្បីថាពូកែថាព្យាបាលជម្ងឺសក្ក័សិទ្ធ និងមានមនុស្សរាប់ពាន់អ្នកទៅរង់ចាំអត់បាយអត់ទឹកនោះ គឹបានកើតឡើងមិនបានប៉ុន្មានថ្ងៃផង ក៏សាបរលាបវិញដោយឯងៗតែម្តងទៅវិញ៕




































