សៀមរាប នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ នៅក្រុង ខេត្តសៀមរាប ក្រុមហ៊ុន ហាតរ៉ក់កាហ្វេអន្តរជាតិ បានបង្ហាញវត្តមានដំបូងគេបង្អស់ ហាតរ៉ក់កាហ្វេ-រ៉ក់អង្គរ ( Hard Rock Cafe Rock Angkor ) សម្រាប់ព្រះរាជាណាចក្រកម្ពុជា ។ ហាតរ៉ក់កាហ្វេអន្តរជាតិ គឺជាស្លាកសញ្ញា
ពាណិជ្ជកម្មលំដាប់ពិភពលោក ។ ទីតាំងរបស់ហាតរ៉ក់កាហ្វេអន្តរ-ជាតិមានចំនួនសារុប១៩០កន្លែងនៅក្នុងបណ្តាប្រទេសចំនួន៥៨ នៅលើពិភពលោកក្នុងនេះរួមមានហាងកាហ្វេចំនួន១៤៤កន្លែង២១សណ្ឋាគារនិង១០កាស៊ីណូ។ នៅក្នុងពិធីសម្ពោធហាតរ៉ក់កាហ្វេ-អង្គរនេះបានប្រព្រឹទ្ធទៅក្រោមវត្តមានរបស់លោកបណ្ឌិតថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ឯកឧត្តមលោកឧកញ៉ា លោកជំទាវជាភ្ញៀវជាតិ និង អន្តរជាតិសំខាន់ៗ ផងដែរ ។
ថ្លែងសន្ទរកថាក្នុងឱកាសនៃការប្រារព្ធពិធីបើកសម្ពោធ ហាតរ៉ក់កាហ្វេ-អង្គរលោកជំទាវហ៊ុន គឹមឡេងនាយិកា និងជាម្ចាស់ហាងហាតរ៉ក់កាហ្វេ-អង្គរបានបញ្ជាក់ឲ្យដឹងថានេះគឺជាយុគសម័យនៃការចាប់ផ្តើមរបស់ ហាតរ៉ក់កាហ្វេអន្តជាតិនៅក្រុងក្នុងបូរាណ(អង្គរ-សៀមរាប) នៃកម្ពុជា ក្រោយពីមានក្តីស្រម៉ៃប្រកបដោយការជឿជាក់ ។
លោកជំទាវ បានបង្ហាញជូនភ្ញៀវជាតិនិងអន្តរជាតិផងដែរ អំពីសាវតានៃការប្រសូត្រចេញ ហាតរ៉ក់កាហ្វេ-អង្គរ នៅព្រះរាជាណាចក្រកម្ពុជា។លោកជំទាវនាយិកាក៏បានលើកឡើងផងដែរស្ថិតក្រោមដំបូលនៃអាគារថ្មី រចនាតាមម៉ូដែលនាសម័យអាណានិគមនិយមហាតរ៉ក់កាហ្វេ-អង្គរដែលជាភោជនីយដ្ឋានទាន់សម័យទំនើប បានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលស្វាគមន៍ភ្ញៀវជាតិ-អន្តជាតិ ដែលមានវត្តមានក្នុងដំណើរទស្សនាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រខេត្តសៀមរាប។
អាគារម៉ូតសម័យបារាំងហាតរ៉កកាហ្វេ-អង្គរបែរមុខទៅរកដងស្ទឹងសៀមរាបមានចំនួន២៦២កៅអីហើយ ហាតរ៉ក់កាហ្វេ-អង្គរគឺជាផ្នែកថ្មីមួយនៃភូមិអាហារមាននាមថាវិថីអង្គរនៃព្រះមហាក្សត្រ ផ្តល់ជូនរសជាតិអាហារដ៏វិសេសវិសាលបំផុត នៃបេះដូងក្រុងបូរាណ ហើយក៏ជាតារាតែមួយគត់នៃគម្រោងអភិវឌ្ឍន៍ ដែលបានចូលរួមចំណែក ដើរ តួយ៉ាងសំខាន់ ក្នុងការកែប្រែមុខមាត់នៃក្រុងអង្គរ-សៀមរាប ។
ការបើកសម្ពោធ ហាតរ៉កកាហ្វេ-អង្គរ នៅក្រុង ខេត្តសៀមរាប ត្រូវបានលោកនាយក ហាតរ៉កកាហ្វេអន្តរជាតិ បានបញ្ជាក់ថា នេះគឺជាវត្តមានរបស់ ហាតរ៉ក់កាហ្វេ លើកដំបូងគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្រាប់ពិភពលោក ដោយកម្ពុជាគឺជាប្រទេសទី៥៨ ដែលបាន ហាតរ៉ក់កាហ្វេ ស្វាគមន៍ចំពោះភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប។
បន្ទាប់ពីចំណាប់អារម្មណ៍របស់តំណាងស្ថានទូតអាមេរិករួចមកមានប្រសាសន៍ក្នុងឱកាសនោះលោកថោង ខុន រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានធ្វើការគាំទ្រចំពោះហាររ៉ក់កាហ្វេអង្គរ ក្នុងការចូលរួមលើការបម្រើសេវាកម្មទេសចរណ៍នៅកម្ពុជា ហើយក៏ជាការបង្កើននូវការងារដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកឡើងអំពីមោទនភាពរបស់ក្រុងសៀមរាប-អង្គរ ដែលត្រូវបានទស្សនាវដ្តីទេសចរណ៍អាមេរិកប្រកាសថា ជាក្រុងជាប់លំដាប់ថ្នាក់ទី២ជាទីក្រុងល្អបំផុតសម្រាប់ការមកទស្សនារបស់ភ្ញៀវទេសចរណ៍នៅក្នុងតំបន់អាស៊ី ក្នុងចំណោមក្រុង១០ដែលបានជ្រើសរើសនៅឆ្នាំ២០១៤និងនៅលើពិភពលោកជាប់លំដាប់លេខ៤ ក្នុងចំណោមក្រុងចំនួន១០នៃតំបន់អ៊ឺរ៉ុបថាជាទីក្រុងល្អបំផុតសម្រាប់ការធ្វើដំណើរទស្សនាចរណ៍។
ឯកឧត្តមបានបញ្ជាក់ទៀតថាការវាយតម្លៃដាក់ពិន្ទុនេះ គឺត្រូវបានធ្វើឡើងតាមរយៈនៃការស្ទាបស្ទង់មតិរបស់មិត្តអ្នកអាន ក្នុងនោះរួមមានការ វិនិច្ឆ័យទៅលើវប្បធម៌- សិល្បៈ -បរិស្ថាន-អាហារនិងការឲ្យតម្លៃទៅលើការចំណាយនៃដំណើរទស្សនាចរណ៍ជាដើមព្រមទាំងបានបញ្ជាក់អំពី បញ្ហានៃកង្វះនូវសណ្ឋាគារក្នុងក្រុងសៀមរាបនារដូវក្តៅផងដែរ។លោកថោងខុនក៏បានផ្តាំផ្ញើផងដែរ ដល់អាជ្ញាធរម្ចាស់ក្រុមហ៊ុនអាជីវកម្មលើវិស័យទេសចរណ៍ទាំងអស់ត្រូវបន្តរក្សាឲ្យបាននូវប្រពៃណីវប្បធម៌ ដែលខេត្តរបស់យើងទទួលនូវចំណាត់ជាទីក្រុងល្អបំផុតសម្រាប់ការមកទស្សនារបស់ភ្ញៀវទេសចរណ៍ក្នុងតំបន់ ក៏ដូចលើពិភពលោកទាំងមូលព្រមទាំងសូមចូលរួមមកធ្វើវិនិយោគលើវិស័យទេសចរណ៍ សំខាន់ពង្រីកនូវសណ្ឋាគារខ្នាតអន្តរជាតិ នៅលើ ទឹកដីប្រវត្តិសាស្ត្រសៀមរាប ។
គួរកត់សម្គាល់ផងដែរថាសម្រាប់ការសម្ពោធនេះមិនមានប្រារព្ធពិធីកាត់ខ្សែបូរនោះទេ តែត្រូវបានប្រារព្ធតាមប្រពៃណីរបស់ ហាតរ៉ក់កាហ្វេអន្តរជាតិគឺការបោកកំទេចចោល ហ្គីតតាចាស់ៗដែលខូចគុណភាព។