រាជធានីភ្នំពេញ ៖ ក្រុម Animation ដែលប្រជុំដោយក្រុមតន្ត្រី Rock របស់កម្ពុជា ហើយដែលទើបនឹងមានវត្តមាននៅលើទីផ្សារ នឹងរួមគ្នាជាមួយនាង Joy តារាចម្រៀងដ៏ល្បីល្បាញ និងក្រុម Rania របស់កូរ៉េ ចេញអាល់ប៊ុមចម្រៀងជាលើកដំបូងក្នុងពេលឆាប់ៗនេះ ហើយវត្តមាននៃអាល់ប៊ុម
នោះនឹងចូលរួមក្នុងការប្រកួតប្រជែងលើទីផ្សារសិល្បៈនៅកម្ពុជា ។
លោកប៊ុន ជំនិត អ្នកគ្រប់គ្រងក្រុមតន្ត្រី Rock និងជាអ្នកគ្រប់គ្រងក្នុងផលិតកម្ម J tone បានឱ្យដឹងថា ក្រុមហ៊ុន Artift Connection ដែលមានមូលដ្ឋាននៅប្រទេសថៃនឹងអញ្ជើញក្រុមតន្ត្រី Rock របស់ខ្លួនដើម្បីចេញអាល់ប៊ុមរួមគ្នាជាមួយនាង Joy សមាជិកក្រុម RaNia របស់កូរ៉េ សម្រាប់ដាក់លក់លើទីផ្សារកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ ដែលលោកគិតថា ជាព័ត៌មានថ្មីសម្រាប់ទីផ្សារសិល្បៈនៅកម្ពុជា ។
លោកប៊ុន ជំនិត បន្តថា ការត្រៀមចេញអាល់ប៊ុមថ្មីរួមគ្នាកម្ពុជា-កូរ៉េ នេះគឺធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកផង និងដើម្បីនាំនាង Joy ដែលជាសមាជិកក្រុមកូរ៉េមកក្នុងទីផ្សារប្រទេសកម្ពុជាផង។ ក្រុម Animation របស់យើងចូលទៅក្នុងទីផ្សារប្រទេសថៃ ឡាវ និងវៀតណាម ផងដែរ ។ លោកមានជំនឿថា ក្រោយពីវត្តមានអាល់ប៊ុមចម្រៀងរួមគ្នាជាមួយសមាជិកក្រុមកូរ៉េ រួចហើយនោះ ក្រុមតន្ត្រីរបស់លោក នឹងចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីទាំងក្នុង និងក្រៅប្រទេសមិនខាន ។
នាង Joy គឺជាសមាជិកម្នាក់ក្នុងក្រុម RaNia ដែលជាក្រុមមួយថ្មី និងកំពុងមានឈ្មោះល្បីល្បាញនៅកម្ពុជា ។ នាង Joy មានឈ្មោះជាផ្លូវការ Jutamas Wichai កើតនៅថ្ងៃទី២០ កក្កដា ឆ្នាំ១៩៩០ ជាជនជាតិថៃ ។ Joy មិនគ្រាន់តែអាចនិយាយភាសាថៃបានយ៉ាងល្អនោះទេ តែនាងអាចនិយាយភាសាកូរ៉េ និងអង់គ្លេស ចិន និងជប៉ុន បានល្អឥតខ្ចោះទៀតផង ។
នាងបានបង្ហាញបទចម្រៀងជាលើកដំបូងជាមួយក្រុម RaNia គឺបទ Dr.Feel Good ដោយទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជនទាំងក្នុងប្រទេស និងក្រៅប្រទេស ។
អាចចាត់ទុកថា ជាលើកទីមួយដែលផលិតកម្មកម្ពុជា រួមគ្នាជាមួយកូរ៉េ ផលិតចេញនូវអាល់ប៊ុមចម្រៀងថ្មី ៕