កំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម បាន អញ្ជើញ ចូលរួម គោរពវិញ្ញាណក្ខន្ធអតីតអ្នកជំនាញការកសិកម្មនៃសហភាព សូវៀត ចំនួន៩រូប (ខ្មែរ ១រូប , សូវៀត ៨រូប) ដែលបាន ស្លាប់ បាត់បង់ ជីវិត ដោយសារទាហានខ្មែរក្រហម វាយឆ្មក់ តាមដងផ្លូវ ក្នុង ស្រុកចំការលេី កាលពី ឆ្នាំ១៩៨៣ ។
ពិធី នេះ ត្រូវ បាន ធ្វើ ឡើង នាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅវត្តដូនធី ស្ថិត ក្នុង ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្ត កំពង់ចាម ក្រោម វត្តមាន ឯកឧត្ដម ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវ ចារកិច្ច និងជាមេបញ្ជាការរង កងទ័ពជើងគោក ឯកឧត្ដម H.E. Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដោយ មាន ការ ចូលរួម ពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ ដែនដី និង លោកយាយ លោកតា បងប្អូន ប្រជាពលរដ្ឋ ជាច្រើន ផងដែរ ។
សូម ជំរាប ថា អតីតអ្នកជំនាញការកសិកម្ម បានធ្វើដំណើរទៅស្ថានីយ៍ពិសោធន៍ដំណាំកប្បាស នៅស្រុកចំការលើ ខេត្តកំពង់ចាម ដោយសារស្ថានភាពផ្លូវលំបាកក្រុមការងារ បានទៅសម្រាកនៅខេត្តកំពង់ចាម មួយយប់ ដោយមានរថយន្ត ៣គ្រឿង ២គ្រឿង១២កៅអី និង១គ្រឿង ដឹកប៉ូសីល កងកាពារពីខេត្តចំនួន ១២នាក់ផងដែរ។ លុះព្រឹកឡើងថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៨៣ បានចេញដំណើរមកស្ថាននីយ៏ពិសោធន៍ដំណាំកប្បាស ពេលធ្វើដំណើរដល់ភូមិ ដូនធី និងចន្លោះភូមិមួយទៀត ដែលមានលក្ខណៈ ជាព្រៃរបោះខ្ពស់ៗ ត្រឹមក្បាល ដែលពួកខ្មែរក្រហមងាយស្រួលពួនស្ទាក់ចាញ់ ដោយមាន២ក្រុម និងមានកាំភ្លើងគ្រប់ដៃ ម៉ាក AK47 B40 និងអាចមានកាំភ្លើងយន្ត បាញ់សន្ធាប់មកក្បួនរថយន្តរបស់ក្រុមការងារ បានធ្វើអោយក្រុម កងការពារបាត់ម្ចាស់ការ រត់ដកថយ ដើម្បីរកស្ថានភាពប្រយុទ្ធតបវិញ តែយើងត្រូវពួកខ្មែរក្រហមបាញ់ របួសនិងស្លាប់ ។ បាត់បង់ជីវិតក្នុងព្រឹត្តិការណ៍នោះរួមមាន៖ ១. លោក សូ សុខឃាង មន្ត្រីការិយាល័យស្រាវជ្រាវ (ជនជាតិខ្មែរ) ។ ២- លោក ទីមេណូវ វ.វ (N.V.Tikmenov) វិស្វករបច្ចេកវិទ្យា ។ ៣- លោក លិស្សិនកូ ហ្គេ.អា (G.A. Lysenko) វិស្វករក្សេត្រសាស្ត្រ ។ ៤- លោក ហ្គីប៉ូវ អីអី (Yu.I. Gribov) វិស្វករគ្រឿងយន្ត ។ ៥- លោក អាយុនដូវ កា.ហ (K.Kh.Akhundov) ក្សេត្រគីមីវិទ្យា ។ ៦-លោក ធៀលណូវ អា.ហ្គ (A.G. Chernov) ឯកទេសគ្រឿងយន្ត ។ និង ៧-លោក ហ្វេសសេ វ ទ . (T. Fayziev) ឯកទេសគ្រឿងយន្ត ។ ៨-លោក ណាសារ៉ូវ ឆ.អ (N.A.Nazarov) វិស្វករក្សេត្រសាស្ត្រ ការពារដំណាំ ។ ៩-លោក សាអាតូវ ស. (S. Saatov) វិស្វករ និងអ្នកបកប្រែ ។
បន្ទាប់ពីជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ អង្គការចាត់តាំងរបស់ខ្មែក្រហម នៅតែបន្ត សកម្មភាពជាក្រុមឧទ្ទាម បន្តសង្គ្រាមបំផ្លិចបំផ្លាញ បង្កអសន្តិសុខក្នុងផ្ទៃប្រទេស។ កម្ពុជាតែងតែមាន ការបែកបាក់ទៅជាតំបន់ត្រួតត្រាពីរ ឬបីភាគី ពុំដែលទទួលបាននូវសន្តិភាពពេញលេញនោះឡើយ។
ក្នុងរយៈពេលជាង ៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន មាតុភូមិយើងដែលធ្លាប់តែ ឆ្លងកាត់នូវភ្លើងសង្គ្រាមការបែកបាក់ និងការប្រល័យពូជសាសន៍ បានរកឃើញមកវិញនូវសន្តិភាព តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក ៕