ប្រជាជពលរដ្ឋមួយក្រុម បានលើគ្នាឡោមព័ទ្ធសមត្ថកិច្ច និងរំដោះយកមនុស្សពីរនាក់ គោយន្តកន្ត្រៃមួយគ្រឿង ពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងដែនជម្រកសត្វព្រៃបឹងពែ នៃខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ប្រជាជពលរដ្ឋមួយក្រុម បានលើគ្នាឡោមព័ទ្ធសមត្ថកិច្ច និងរំដោះយកមនុស្សពីរនាក់ រួមទាំងគោយន្តកន្ត្រៃមួយគ្រឿង បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជាកម្លាំងសហការទប់ស្កាត់ បង្ក្រាប និងការពារតំបន់ធនធានធម្មជាតិ ជាមួយ លោក បេន ដាវីស បានធ្វើការឃាត់ខ្លួន និងដកហូតយកវត្ថុតាង ក្នុងសកម្មភាពកាប់រុករានទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិ នៅក្នុងដែនជម្រកសត្វព្រៃបឹងពែ កាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិរលំឡែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។   

អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក មាស ញឹម បានប្រាប់ឲ្យដឹងថា មានប្រជាពលរដ្ឋចំណាកស្រុកមួយគ្រួសារ (ពីរនាក់ប្តី-ប្រពន្ធ) បានគ្នាចូលមកធ្វើសកម្មភាពកាប់គាស់ ដុត ឈូសឆាយវាទយកដីព្រៃរដ្ឋជាកម្មសិទ្ធិ នៅក្នុងដែនជម្រកសត្វព្រៃបឹងពែ ហើយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជាកម្លាំងសហការរបស់ លោក បេន ដាវីស ឈរជើងការពារតំបន់ការពារធម្មជាតិ ភ្នំត្នោត-ភ្នំពក បានចុះល្បាតព្រៃនៅជាប់ព្រំប្រទល់ ដែនជម្រកសត្វព្រៃបឹងពែ ក៏បានប្រទះឃើញពីការរុករានដីព្រៃរដ្ឋ និងបានផ្អាកសកម្មភាពនោះ ព្រមទាំងបានអញ្ជើញប្តី-ប្រពន្ធទាំងពីរនាក់ មកកាន់ស្នាក់ការបរិស្ថាន លុះមកដល់ពាក់កណ្តាលផ្លូវ ក៏ស្រាប់តែមានប្រជាពលរដ្ឋមួយក្រុម លើកគ្នាមកឡោមព័ទ្ធ លោក បេន និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីរំដោះយកជនសង្ស័យទាំងពីរនាក់ប្តី-ប្រពន្ធ និងគោយន្តកន្ត្រៃ ១គ្រឿង ផងដែរ។

លោក មាស ញឹម បានបន្តថា ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក គឺត្រូវបានការពារដោយព្រះរាជក្រឹត្យ តាំងពីឆ្នាំ ១៩៩៣ នោះមក ដែលតំបន់នោះត្រូវបានកំណត់ជាតំបន់ការពារធម្មជាតិ និងនៅគ្រាបច្ចុប្បន្ន ត្រូវបានរាជរដ្ឋាភិបាល ដាក់បញ្ចូលជាតំបន់សហគមន៍ទេសចរណ៍ធម្មជាតិ ភ្នំត្នោត-ភ្នំពក ការពារ និងគ្រប់គ្រងដោយ លោក បេន ដាវីស ក្រោមកិច្ចសហការរវាង កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានមូលដ្ឋាននៅក្នុង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

អ្នកការពារសហគមន៍ទេសចរណ៍ធម្មជាតិភ្នំត្នោត-ភ្នំពក លោក បេន ដាវីស បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ក្នុងពេលកម្លាំងអាវុធហត្ថ ដែលជាកម្លាំងសហការរបស់លោក បានចុះល្បាតព្រៃ ក៏បានជួបបុរសម្នាក់ និងស្ត្រីម្នាក់ ត្រូវជាប្តី-ប្រពន្ធ មកពីស្រុកដំដែក ខេត្តសៀមរាប បានចូលមកសង់ខ្ទមក្នុងដែនព្រៃ នៅខាងលិចភូមិអង្គ្រងប្រហែល ៣គីឡូម៉ែត្រ និងបានឃើញទាំងពីរនាក់ប្តី-ប្រពន្ធនោះ ដើរបាញ់ថ្នាំ ដែលជាការកំណត់ព្រំដី កាប់ព្រៃ និងឃើញដានសកម្មភាពគ្រឿងចក្រ ប្រភេទត្រាកទ័រ ឈូសឆាយដីព្រៃ ខណៈនោះ លោក និងកម្លាំងសមត្ថកិច្ច បានធ្វើការសួរនាំប្តី-ប្រពន្ធទាំងពីរនាក់ ពួកគេបានប្រាប់ថា គឺគេបានហ៊ុំព័ទ្ធយកតែ ៣ហិចតាប៉ុណ្ណោះ។

លោក បេន ដាវីស បានបន្តថា ស្របពេលជាមួយគ្នានោះ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ក៏បានអញ្ជើញទាំងពីរនាក់ប្តី-ប្រពន្ធ មកកាន់ស្នាក់ការបរិស្ថាន លុះមកដល់ចំណុចភូមិ រលំឡែង ឃុំរណសិរ្ស ស្រាបតែលេចមុខប្រជាពលរដ្ឋមួយក្រុម ដែលជាបក្ខពួករបស់គេ មករារាំង និងរំដោះយកជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាងគោយន្តកន្ត្រៃ និងសម្ភារៈមួយចំនួនទៀត ចាកចេញទៅដោយសុវត្ថិភាព។

ដោយឡែក អភិបាលស្រុកសង្គមថ្មី លោក ស៊ាម កែវជីវ៉ា បានប្រាប់អ្នកសារព័ត៌មាន ដោយទទួលស្គាល់ថា ពិតជាមានរឿងបែបនេះកើតឡើងមែន ហើយនៅក្រោយការពិនិត្យ សិក្សានៅលើទីតាំងដីដែលរងការកាប់ទន្ទ្រាន ឈូសឆាយយកនោះ គឺស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ដែលទទួលការការពារដោយលោកបេន ដាវីស យ៉ាងពិតប្រាកដ។ លោកថា ប្រជាពលរដ្ឋទាំងនោះ ទើបចូលមកកាន់កាប់ អាស្រាយផល ក្នុងតំបន់ការពារធម្មជាតិ ដោយខុសច្បាប់ ប្រហែល ១ឆ្នាំប៉ុណ្ណោះ។

លោកអភិបាលស្រុកសង្គមថ្មី បានបញ្ជាក់ថា នៅក្នុងតំបន់ការពារធម្មជាតិនោះ មានស្នាក់ការបរិស្ថានពីរកន្លែង គឺ ស្នាក់ការជាំស្រែ និងស្នាក់ការបឹងពែ ដែលជាកន្លែងសម្រាប់មន្ត្រីឧទ្យានុរក្សស្នាក់នៅ គ្រប់គ្រង ការពារព្រៃឈើ បរិស្ថាន និងតំបន់បឹងពែ មានមូលដ្ឋាននៅក្នុងភូមិខ្នា ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ លោកបានស្នើដល់មន្ទីរបរិស្ថានខេត្ត ក៏ដូចមន្ត្រីឧទ្យានុរក្ស បន្តរឹតបន្តឹងចុះល្បាត និងការពារដែនព្រៃ នៃតំបន់ការពារធម្មជាតិ ឲ្យបានម៉ឺងម៉ាត់បំផុត៕ដោយ៖ឡុង សំបូរ