សៀមរាប:. ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមជាអធិបតី និងបានសំណេះសំណាជាមួយបងប្អូនកីឡាករទូក ង ប្រកាសបើកព្រឹត្តការណ៍ប្រណាំងទូក-ង ខេត្តសៀមរាប នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាប គឺជាការចូលរួមចំណែកថែរក្សា វប្បធម៌ អរិយធម៌ ទំនៀមទម្លាប ប្រពៃណីជាតិ ។ រដ្ឋបាលខេត្តតែងតែប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុកនេះ ជារៀងរាល់ឆ្នាំ នាថ្ងៃ១៤ និង១៤កើត ខែកត្តិក។ ប៉ុន្តែរដ្ឋបាលខេត្ត បានខកខានប្រារព្ធព្រះរាជពីធីនេះ អស់រយៈ៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២០មក ដោយសារឆ្លងរីករាលដាលជំងឺកូវីដ១៩។
ឯកឧត្តមថា បន្ទាប់ពីស្ថានភាពស្ងប់ស្ងាត់នៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បានយកចិត្តទុកដាក់ក្នុងដំណើរការវិស័យទេសចរណ៍ឡើងវិញនៅក្នុងខេត្ត ជាមួយនឹងសមិទ្ធិផលថ្មីៗនៅក្នុងខេត្ត តួយ៉ាងអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រកបដោយសោភ័ណ្ឌភាព ក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ និងសេវាកម្មទេសចរណ៍ដ៏សំបូរបែប សុវត្ថិភាព ស្ថេរភាពពេញបរិបូរណ៍ ជាមួយនឹងការដាក់ចេញនូវកម្មវិធីពិសេសមួយ ដែលជួយសម្រួលដល់ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប គឺទស្សនាសៀមរាបឆ្នាំ២០២៤។
ឯកឧត្តមអភិបាលមានក្តីសង្ឈឹមថា ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនាឆ្នាំ២០២៣នេះ នឹងផ្តល់ភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ។ សូមបញ្ជាក់ថាខេត្តសៀមរាម ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល ៤ថ្ងៃនៅតាមបណ្តោយស្ទឹងសៀមរាប ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕