ពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តកែប ទទួលភ្ញៀវទេសចរចំនួន ៣៧,២៨៦នាក់

0

ខេត្តកែប: នៅថ្ងៃ​ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃទី២ នៃពិធីបុណ្យ អ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្ត​កែប​ ទទួលបានភ្ញៀវទេសចរជាតិ​ និងបរទេស​ អញ្ជើញ​មកលេងកំសាន្តតាមនៅរមណីដ្ឋាននានាទូទាំងខេត្ត​ មានចំនួនសរុបចំនួន ៣៧,២៨៦នាក់  ក្នុងនោះភ្ញៀវ​ជាតិ​ ៣៦,៩៦៤នាក់​ និងភ្ញៀវបរទេសចំនួន ៣២២នាក់​។

ដោយឡែកសម្រាប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញ មានភ្ញៀវទេសចរមកសម្រាក លំហែសរុប ចំនួន១៨,៧៣៣ នាក់។ ចំពោះស្ថានភាពសន្តិសុខ​ សណ្ដាប់ធ្នាប់​ របៀបរៀបរយ​ទូទៅក្នុងរមណីយដ្ឋានខេត្តកែប មានភាពល្អប្រសេីរ​។ នេះបេីតាមការលេីកឡេីងរបស់​ លោក​ សោម​ ចិន្ដា​ ប្រធានមន្ទីរទេសចរណ៍ខេត្តកែប។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានអោយដឹងផងដែរថា ក្រោមការបង្អុរបង្ហាញប្រកបដោយភាពវៃឆ្លាត ពីប្រមុខដឹកខេត្តកែប គឺ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្តកែប ដោយជានិច្ចកាល ឯកឧត្តម បានជំរុញដល់មន្ទីរ ស្ថាប័ននានា អោយចូលរួមសហការ អនុវត្តន៍តាមតួនាទីភារកិច្ច ពិសេសកិច្ចការពារ ពង្រឹងសន្តិសុខក្នុងពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដើម្បីធានាសុវត្ថិភាពដល់បងប្អូន ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិដែលបានមកសំរាក លំហែ កំសាន្ត នៅក្នុងតំបន់រមណីយដ្ឋានខេត្តកែបរបស់យើង។

បើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកែបបានបញ្ជាក់ដែរថា ក្នុងរដូវបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ ខេត្តកែបទទួលបានសុខ សុវត្ថិភាពល្អប្រសើរ គ្មានបញ្ហាណាមួយកើតឡើងគួរអោយកត់សំគាល់ឡើយ។ម្យ៉ាងទៀតក្រុមអ្នកទេសចរបានធ្វើដំណើរដោយរលូន គ្មានករណីកកស្ទះចរាចរនោះទេ ព្រោះដងផ្លូវសំខាន់ៗជាច្រើនក្នុងរមណីយដ្ឋានខេត្តកែប ត្រូវបានស្ថាបនានិងពង្រីកយ៉ាងធំទូលាយ។

ចំពោះកត្តាអនាម័យ ផ្នែកជំនាញពុះពារប្រមូល ដឹកសំរាម និងកាកសំណល់ រាវ រឹង បានទាន់ពេលវេលា ដោយមិនទុកបង្អាក់យូរ នាំបង្កការរំខានដល់ក្រុមអ្នកទេសចរជាតិនិងអន្តរជាតិនោះឡើយ៕ សេង ណារិទ្ធ