កងទ័ពប្រជាជនវៀតណាម ដំណើរការកិច្ចប្រជុំពិភាក្សាជាមួយបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ស្ដីពីការងារបន្តជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម វិលត្រឡប់ទៅកាន់មាតុប្រទេសវិញ

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រតិភូបញ្ជាការដ្ឋានយោធភូមិភាគទី៧ កងទ័ពប្រជា ជនវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ត្រី ជិន វីញង៉ុក អនុប្រធាននយោបាយនៃយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បានដឹកនាំប្រតិភូចំនួន២២នាក់ ដើម្បីប្រជុំពិភាគ្សា ស្ដីពីការបន្តជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា វិល ត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមវត្តមានឧត្តមវសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍ និងជាតំណាងឯកឧត្តម សុក ហៃ អភិបាលរងខេត្ត ប្រធានគណកម្មការជំនាញជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម​នៅ​ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងធ្វើរបាយការណ៍ស្វាគមន៍ចំពោះឧត្តមសេនីយ៍ត្រី ជិន វិញង៉ុក អនុប្រធាននយោបាយយោធ ភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម និងប្រតិភូ ហើយនឹងបានរាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយក្រុម បច្ចេកទេសជំនាញជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម K៧០និងk៧២ ដែល​បាន​សហការ​ធ្វើ​សកម្មភាព​ជីករុករកក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ គិតពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ដោយជីកយកបាននិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន១.១៥២អដ្ឋិធាតុរួចមកហើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូស បញ្ជាក់អំពីការលំបាក និងការងាយស្រួលក្នុងការស្រាវជ្រាវនិងជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងរយៈពេលកន្លងមក ដោយភូមិសាស្ត្រមានការប្រែប្រួល សាក្សីដែលធ្លាប់ដឹងពីកន្លែងកប់សាកសពកងទ័ពស្ម័គ្រចិត្តវៀតណាម មានវ័យចាស់ និងបានទទួល មរណភាពជាបន្តបន្ទាប់ ហើយមួយចំនួនទៀតបានផ្លាស់ប្ដូរទីលំនៅ ។ ចំពោះទិសដៅនៅពេលខាងមុខយើងនឹងបន្តជីករុករកអដ្ឋិធាតុ តាមការស្រាវជ្រាវនៅសេសសល់ប្រមាណ៦០​ ទៅ​៦៥​ អដ្ឋិធាតុទៀត នៅក្នុងភូមិសាស្ត្រខេត្ត កំពង់ធំ។

ឧត្តមសេនីយ៍ត្រី ជីន វីញង៉ុក អនុប្រធាននយោបាយយោធភូមិភាគទី៧ និងប្រតិភូ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមជាមួយប្រជាពលរដ្ឋកម្ពុជា ដែលបានសហការបង្កលក្ខណៈងាយស្រួលក្នុងសកម្មភាពមនុស្ស ធម៌ ដើម្បីក្រុមបច្ចេកទេសជំនាញK៧០និងK ៧២ ជីករុករកនិងធ្វើមាតុភូមិអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ទៅកាន់ប្រទេសវៀតណាមវិញទទួលបានលទ្ធផលល្អប្រសើរ  នឹងបានសំណូមពរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់រួមជាមួយប្រជាពលរដ្ឋ សូមមេត្តារួមគ្នាជួយបង្កលក្ខណៈងាយស្រួល ដើម្បីក្រុមបច្ចេកទេសជំនាញK៧២ បន្តជីកគាស់លើកយកអដ្ឋិធាតុវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។

នៅក្នុងកិច្ចប្រជុំពិភាក្សានេះផងដែរ ភាគីយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ក៏បានជួយឧបត្ថម្ភថវិកាមួយចំនួន ដើម្បីបម្រើឲ្យសកម្មភាពក្នុងការជីកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ទទួលបានលទ្ធផលល្អ ដើម្បីនាំអដ្ឋិធាតុនេះ ទៅប្រគល់ជូនក្រុមគ្រួសារសាច់ញាតិរបស់បងប្អូន ដែលកំពុងរង់ចាំនៅប្រទេសវៀតណាមវិញ ៕