អភិបាលខេត្តកែប អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុថ្មីមួយខ្សែទៀតប្រវែង៤៦០ម៉ែត្រ

0

ខេត្តកែប: នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី បើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែ ប្រវែង៤៦០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប។

បើតាមរបាយការណ៍របស់លោក ខេង យ័ន អភិបាលក្រុងកែប បានឲ្យដឹងថាផ្លូវបេតុថ្មីមួយខ្សែដែលកំពុងបើកការដ្ឋាននាពេលនេះ មានប្រវែង៤៦០ម៉ែត្រ ទទឹង៥ម៉ែត្រ បំបែកចេញពីផ្លូវលេខ33A ត្រង់ចំណុចផ្លូវចូលសាលាបឋមសិក្សាអង្គភ្នំតូច ភ្ជាប់ទៅផ្លូវរុក្ខាពិសិដ្ឋ ស្ថិតភូមិកំពុងត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយប្រើប្រាស់ថវិកាមូលនិធិក្រុង និងគៀរគរដៃគូអភិវឌ្ឍនានា ដើម្បីកែលំអរ សោភណ្ឌភាព លើកកម្ពស់ការអភិវឌ្ឍមូលដ្ឋាន និងដើម្បីសម្រួលដល់ការធ្វើដំណើរ លើកកំពស់ជីវភាពប្រជាពលរដ្ឋ។

លោកអភិបាលក្រុងបន្តថា ក្នុងអាណត្តិទី៣របស់ក្រុមប្រឹក្សាក្រុង រដ្ឋបាលក្រង បានកសាងផ្លូវបេតុងអាមេចំនួន៥ខ្សែ ស្មើនឹងប្រវែងសរុប២១៦១ម៉ែត្រ និងកំពុងបន្តជម្រុញអនុវត្តគម្រោងហេដ្ឋារចនាសម្ពន្ធនានា ដើម្បីដោះស្រាយនូវសំណូមពរ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមសៀវភៅផែនការអភិឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុងកែប។

មានប្រសាសន៍ នៅក្នុងពិធីបើការដ្ឋាននោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងថាសមិទ្ធផលដែលកើតឡើងជាបន្តបន្ទាប់នេះ កើតចេញពីជំនឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ មកលើការដឹកនាំរបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គ្រប់អាណត្តិកន្លងមក ហើយនេះក៏ជាចំណង់ដៃថ្មីមួយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិកំពង់ត្រឡាចនេះ សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បញ្ជាក់ថា នៅពេលកំណាត់ផ្លូវបេតុងនេះរួចរាល់ និងមានការសម្ពោធ អមជាមួយការបើការដ្ឋាន ស្ថាបនាបន្តសម្រាប់ឆ្នាំថ្មី២០២៤។

ជាមួយគ្នានេះឯកឧត្តម ក៏បានជំរុញដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជាប់ដងផ្លូវ ចូលរួមសហការជាមួយអាជ្ញាធរក្រុង សម្រួលដល់ការកសាងផ្លូវឆាប់បានរួចរាល់ អធ្យាស្រ័យអត់ធ្មត់ ចំពោះការរំខានដោយសំលេង ឬហុយដីជាដើម និងចូលរួមថែរក្សាសមិទ្ធផលទាំងនេះអោយបានគង់វង់ ជាប្រយោជន៍ដល់ការប្រើប្រាស់បានយូអង្វែង ។

ដោយពិធីបណ្យសមុទ្រជុំទី១០ លើទី៣នៅខេត្តកែប ដែលនិងចូលមកដល់នាថ្ងៃទី១-ទី២ និងទី៣ខាងមុខនេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តកែបទាំងអស់ ចូលរួមរៀបចំសោភណភាព នៅតាមផ្ទះសំបែងរបស់ខ្លួនអោយបានល្អ ដើម្បីទទួលភ្ញៀវទេសចរណ៍ មកពីគ្រប់ប្រទេស រយៈពេលបីថ្ងៃនេះ ដើម្បីលើកកម្ពស់កិត្តិយសប្រជាជនទូទាំងខេត្តកែបផងដែរ៕ សេង ណារិទ្ធ