ខេត្តកែប: កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៤ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣ ដែលមានការអញ្ជើញចូលរួមដោយ លោក ងិន ងិនដា អភិបាលស្តីទីខេត្តកែប លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។
ក្នុងកិច្ចប្រជុំពេញអង្គនេះ ត្រូវពិនិត្យ ពិភាក្សា និងអនុម័តនូវរបៀបវារៈសំខាន់ៗនួន០៦ ក្នុងនោះមានៈ ១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣, ២-របាយការណ៍ប្រចាំខែវិច្ឆិកា របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត គឺគណៈកម្មាធិការលទ្ធកម្ម, គណៈកម្មការសុរិយោដីខេត្ត ,គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ,របាយការណ៍ប្រចាំខែវិច្ឆិការបស់ការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលខេត្ត, ៣-ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត, ៤-សេចក្តីព្រាងរបាយការណ៍ ស្តីពីសកម្មភាពសំខាន់ៗ ដែលបានអនុវត្តន៍ដោយគណៈអភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលើកទី៥៣ ដល់កិច្ចប្រជុំសាមញ្ញលើកទី៥៤ របស់ក្រុមប្រឹក្សាខេត្ត, ៥-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត និង៦-បញ្ហាផ្សេងៗបន្ទាប់ពីធ្វើរបាយការណ៍ជូនក្រុមប្រឹក្សាខេត្តស្តីពីសកម្មភាពសំខាន់ៗរបស់គណៈអភិបាលខេត្តរូចមក លោក ងិន ងិនដា អភិបាលស្តីទី បានបញ្ជាក់បន្ថែមថា ចំពោះការងារដែលនៅសេសសល់ លើការអភិវឌ្ឍន៍ខេត្តនោះ គណៈអភិបាល រួមជាមួយមន្ទីរអង្គភាពជុំវិញខេត្ត និងបន្តខិតខំយកចិត្តទុកដាក់បន្តទៀត ដើម្បីអោយខេត្តទេសចរណ៍មួយនេះ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ បរទេស ចូលមកសម្រាកលំហែរកម្សាន្ត អោយកាន់តែច្រើនទ្វេរឡើងថែមទៀត ស្របពេលដែលខេត្តកែបកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រលើកទី១០ ជុំទី៣ ដែលទាមទារអោយគ្រប់អ្នកពាក់ព័ន្ធ យកចិត្តទុកដាក់ទទួលខុសត្រូវ តាមតួនាទីភារកិច្ចដែលបានបែងចែកនៅក្នុងអនុគណៈកម្មការនីមួយៗ ដើម្បីអោយព្រឹត្តិការណ៍ដ៏សំខាន់នេះទទួលបានជោគជ័យ តាមការគ្រោងទុក។
ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត បានលើកសរសើរដល់ថ្នាក់ដឹកនាំខេត្ត រួមជាមួយមន្ទីរអង្គភាពជុំវិញខេត្ត ដែលកន្លងមកមានការសាមគ្គី សហការបានល្អប្រសើរ ធ្វើឱ្យសម្រេចបានលទ្ធផល សមិទ្ធផលធំៗក្នុងខេត្តគួរជាទីមោទនៈ ឯកឧត្តមសំណូមពរឱ្យបន្តប្រពៃណីសាមគ្គីភាពគ្នានេះ អោយបានល្អតទៅមុខទៀត និងដឹកដៃគ្នាព្រមៗគ្នា ធ្វើការអភិវឌ្ឍន៍ខេត្ត អោយរឹតតែរីកចំរើនឡើងលើគ្រប់វិស័យ ដើម្បីកាត់បន្ថយបាននូវភាពក្រីក្រ៕ សេង ណារិទ្ធ