ក្រុមប្រឹក្សាខេត្តកំពង់ចាមបេីកអង្គវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ទទួលដោះស្រាយបញ្ហាផ្សេងៗចំនួន១៩ករណី

0

កំពង់ចាម: ប្រជាពលរដ្ឋ បានលើកឡើងជាសំណើរ សំណូមពរ និងកង្វល់សរុប ចំនួន ១៩ករណី ត្រូវបានអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៥ អាណត្តិទី៣ ធ្វើការ ដោះស្រាយ ភ្លាមៗ បាន ចំនួន ៨ករណី ផ្ទេរ កម្មសិទ្ធិ ១ករណី នៅ សេសសល់ ១០ករណី ត្រូវបានយកទៅពិភាក្សា ដើម្បីដោះស្រាយទៅតាមប្រភេទរដ្ឋបាលនិមួយៗ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ០២៣ នៅវត្តបុទុមសាគរព្រែកតានង់ក្រៅ ស្ថិត ក្នុង ភូមិទី២ ឃុំព្រែកតានង់ ស្រុកកោះសូទិន ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សា ស៊ីថា អភិបាលរងខេត្តកំពង់ចាម ។

ក្នុងអង្គវេទិកានោះ តំណាង របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម សា ស៊ីថា បានដឹកនាំការ ដោះស្រាយ សំណើរ សំណូមពរ និងកង្វល់ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងរួមមាន បញ្ហា ក្រុម ក្មេង ស្ទាវ បង្ក របួស ស្នាម បញ្ហា រស់នៅ លើ ដី ចំណី ព្រែក គ្មាន ប័ណ្ណ កម្មសិទ្ធិ បញ្ហា វិវាទ ដីធ្លី បញ្ហា បាក់ស្រុត ដី និង ច្រាំង ទន្លេ បណ្តាល ឱ្យ ខូចខាត ផ្លូវ ទាមទារ ការ អាស្រ័យ ផល នៅ លេី ដី បឹង កម្មសិទ្ធិ របស់ រដ្ឋ ពន្លឿន ការ ជួសជុល ផ្លូវ សុំ ផ្លូវ ក្រាល គ្រួស ក្រហម មួយ ខ្សែ ប្រមាណជា ២៥០០ម៉ែត្រ ស្នេីសុំ ពង្រីក បណ្ដាញ អគ្គិសនី សុំ ដោះស្រាយ បញ្ហា ផ្លូវ តូច ចង្អៀត ពិបាក ធ្វើ ដំណើរ ចេញចូល សុំ បណ្ណាល័យ មួយ ខ្នង សុំ ឱ្យ មាន វិធានការ ចំពោះ ការ ចោល សំរាម ពាសវាលពាសកាល សុំ ទ្វារ ទឹក សម្រាប់ ដោះស្រាយ ការ ធ្វើ ស្រែ ចម្ការ សុំ ឱ្យ ការ បង់ វិភាគទាន សម្រាប់ ធ្វើ ប័ណ្ណ ប ស ស ក្នុង តម្លៃ ទៀប ។ ល ។

ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបន្តការអនុវត្ត អភិក្រម ឆ្លុះបញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ យុទ្ធសាស្ត្រ-ដំណាក់កាលទី១ កំណត់យកនូវអាទិភាព គន្លឹះចំនួន ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ជាមួយគ្នានោះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ យេីង បានពិភាក្សា ពិគ្រោះយោបល់ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗសម្រាប់រដ្ឋបាលខេត្តយកទៅពិនិត្យ ពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជាពិសេស ពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលក្នុងកិច្ចអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់គាត់ឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ផងដែរ ៕