កំពូលតារាចម្រៀងបែបជនបទដ៏ល្បីល្បាញ Taylor Swift ដែលត្រូវបានគេចាត់ទុកថាជាតារាដែលមិនសូវជោគជ័យខាងផ្នែកស្នេហានោះ ត្រូវបានបណ្ដាញផ្សព្វផ្សាយរកឃើញថាកំពុងមានទំនាក់ទំនងស្នេហាថ្មីមួយទៀត។តារាវ័យ២២ឆ្នាំ ត្រូវបានទស្សនាវដ្ដី US Weekly ចុះផ្សាយថាកំពុងរីករាយនឹង
អាហារពេលល្ងាចជាមួយតារាប្រុស យោងតាមប្រភពរបស់ទស្សនារដ្ដីនិយាយដើមតារានេះដដែល បានឲ្យដឹងថា Taylor Swift បានធ្វើដំណើរដល់ភោជនីយ៍ដ្ឋានអ៊ីតាលីមួយដោយជិះឡានជាមួយនឹង Zac Efron ហើយពួកគេទាំងពីរបានញ៉ាំអាហារពេលល្ងាចដ៏រូមែនទិច និងមានការសន្ទនាដ៏ផ្អែមល្ហែម។
Zac ដែលជាតារាចម្រៀងវ័យ២៤ឆ្នាំ ធ្លាប់មានចំណងស្នេហាជាមួយនឹងតួស្រីក្នុងរឿង High School Musical គឺនាង Vanessa Hudgens ប៉ុន្ដែបានចែកផ្លូវគ្នាកាលពីខែធ្នូ ឆ្នាំ២០១០។
តារារូបនេះ ក៏ធ្លាប់និយាយសរសើរថា Taylor Swift ជានារីដ៏ស្រស់ស្អាត និងគួរឲ្យស្រលាញ់ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះទេ Taylor ក៏ហាក់ដូចជាត្រូវដងត្រូវផ្លែនឹង Zac ខ្លាំងសម្បើមដែរ ដោយបានដាក់ងារឲ្យ Zac ថាជាបុរសដ៏អស្ចារ្យម្នាក់។ទោះបីជាមួយតារាទាំងពីរបានធ្វើឲ្យគេសង្ស័យយ៉ាងខ្លាំងបែបនេះក៏ដោយ ប៉ុន្ដែមានប្រភពជិតស្និទ្ធនឹងពួកគេបានប្រាប់ទស្សនាវដ្ដីតារាថា ពួកគេទាំងពីរគ្រាន់តែជាមិត្តជិតស្និទ្ធប៉ុណ្ណោះ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ពួកគេមក L.A ជាមួយគ្នាគឺដើម្បីធ្វើកិច្ចការរួមមួយជាមួយគ្នា រួចក៏សម្រេចចិត្តទៅញ៉ាំអាហារល្ងាចជាមួយគ្នា។ឆ្លើយតបនឹងពាក្យអេចអូចលើរូបនាង តារាចម្រៀងម្ចាស់បទ Teardrops On My Guitar រូបនេះ បាននិយាយថានាងគឺនៅលីវ ហើយក៏មិនចូលចិត្តការណាត់ជួបក្នុងផ្លូវស្នេហាអ្វីនោះដែរ។ នាងបានបន្តថា អាល់ប៊ុមទីបួនរបស់នាង នឹងធ្វើឲ្យនាងរវល់ខ្លាំង ដូច្នេះនាងមិនធ្វើឲ្យខ្លួននាងឈឺក្បាលកាន់តែខ្លាំងនោះទេ៕