កំពង់ធំ÷ រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣លោក សាយ គឹមឡម អភិបាលស្រុកស្ទោង អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ លោកនាយក នាយិកាសាលាបឋមសិក្សា លោកគ្រូអ្នកគ្រូ និងគ្រូកិច្ចសន្យាដែលទើបជាប់ថ្មីៗសរុបចំនួន៥៥៧នាក់ នៅស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនោះដែរលោក សាយ គឹមឡម ក៏បានផ្តាំផ្ញើដល់លោកនាយក នាយិកា លោកគ្រូអ្នកគ្រូ ទាំងអស់ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ហើយត្រូវបង្ហាត់បង្រៀន និងស្រឡាញ់សិស្សានុសិស្សឱ្យដូចជាកូនបង្កើតរបស់ខ្លួន ដើម្បីឱ្យពួកគាត់ទទួលបាននូវចំណេះដឹងតាមកម្រិតស្តង់ដាដែលជាអ្នកបន្តវេនលើជោគវាសនាអនាគតរបស់ប្រទេសជាតិ។ជាមួយនេះផងដែរលោកអភិបាលស្រុកស្ទោង ក៏បានណែនាំបន្ថែមថា ក្នុងនាមខ្លួនយើងជាអ្នកបង្ហាត់បង្រៀនត្រូវ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយក្រុមសីលធម៌វិជ្ជាជីវៈ មានសាមគ្គីភាពផ្ទៃក្នុងរវាងគ្នានឹងគ្នារវាងថ្នាក់ដឹកនាំសាលារៀន និងបុគ្គលិកក៏ដូចជាមួយសិស្សានុសិស្សឱ្យកាន់តែស្និទ្ធស្នាលគ្នាថែមទៀត ក្នុងការលើកស្ទួយវិស័យអប់រំឱ្យមានគុណភាពនៅតាមសាលារៀន។
លើសពីនេះលោក សាយ គឹមឡម បានលើកទឹកចិត្តដល់លោកនាយក នាយិកា សាលារៀន និងសហការី ត្រូវមានទំនាក់ទំនងល្អជាមួយសហគមន៍ មាតាបិតា អាណាព្យាបាលសិស្ស អង្គការដៃគូអភិវឌ្ឍនានា និងគ្រប់ភាគីពាក់ព័ន្ធជាពិសេសគឺទំនាក់ទំនងជាមួយនឹងផ្នែកពុទ្ធចក្រ ព្រះសង្ឃ និងព្រះគ្រូចៅអធិការវត្តនានានៅក្នុងមូលដ្ឋាន ហើយត្រូវប្រើប្រាស់ថវិការបស់សាលារៀនប្រកបដោយតម្លាភាព គណនេយ្យភាព ត្រូវមានប្លង់គោលក្នុងការអភិវឌ្ឍសាលារៀន ក្នុងការកែលម្អបរិស្ថានសាលារៀនប្រកបដោយសោភ័ណភាពស្រស់បំព្រង។
ទន្ទឹមនឹងនេះលោកអភិបាលស្រុកស្ទោង បានជំរុញដល់គ្រប់សាលារៀន ត្រូវយកចិត្តទុកដាក់ខ្ពស់លើផ្នែកបរិស្ថាន អនាម័យសិស្ស អាហារូបត្ថម្ភ សួនច្បារ ដងទង់ជាតិ និងការដាំដើមឈើយកម្លប់ព្រមទាំងមានការថែទាំ និងបោសសម្អាតឱ្យបានស្អាតជាប្រចាំ ដើម្បីសុខុមាលភាពសិស្សានុសិស្ស ព្រមទាំងឆ្លើយតបទៅនឹងសាលាកុមារមេត្រី មានចក្ខុវិស័យនិងបេសកកម្មឱ្យបានច្បាស់លាស់។
ជាចុងក្រោយលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានផ្តាំផ្ញើដល់លោកនាយក នាយិកានលោកគ្រូអ្នកគ្រូ គ្រូកិច្ចសន្យាដែលទើបនឹងជាប់ថ្មីៗត្រូវធ្វើខ្លួនឱ្យសក្តិសមជាគ្រូបង្រៀន ជាអ្នកបង្រៀន ជាមនុស្សគម្រូល្អរបស់សិស្សានុសិស្ស និងសហគមន៍ បំពេញតួនាទីក្នុងនាមជាគ្រូបង្រៀងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងមូលដ្ឋានឱ្យមានគុណភាពខ្ពស់៕ អត្ថបទលោក ឆុន ឆេងក្រឹម-កែសម្រួលដោយអ៊ុមញឹប