កំពង់ធំ ៖ ក្រោមការយកចិត្តទុកដាក់ ដល់មន្ត្រីនគរបាល ចំណុះឲ្យស្នងការនគរបាល ខេត្តកំពង់ធំ ត្រូវបាន ប្រារព្វពិធី បំពាក់ឋានន្តរស័ក្កដល់ កងកម្លាំងនៃអធិការស្រុកបារាយណ៍ និងមន្ត្រីនៃអធិការស្រុកសន្ទុក ក្រោម អធីបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ផាន់ សុផេង ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ និងជាទីប្រឹក្សាផ្ទាល់ ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ព្រមទាំងស្នងការរង ថ្នាក់ដឹកនាំស្រុក ចូលរួមផងដែរ។
ពិធីបំពាក់ឋានន្តរស័ក្កនេះ ត្រូវបានប្រារព្វឡើង នៅក្នុងបរិវេណអធិការដ្ឋាន ស្រុកសន្ទុក នៅព្រឹកថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០១៤ និងត្រូវបានបំពាក់ជូន មន្ត្រីនគរបាលចំនួន ៦៧រូបស្រី៤នាក់ ក្នុងនោះមាន ឋានៈ អនុសេនីយ៍ទោ ២នាក់ អនុសេនីយ៍ត្រី ៤នាក់ ព្រិន្ទបាលឯក ១៩នាក់និង ព្រិន្ទបាលទោ ៤២នាក់ ដើម្បីជាការលើក ទឹកចិត្តដែលបានខិតំប្រឹងប្រែង បំរើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ។
លោក ពេជ្រ សុធា អភិបាលស្រុកសន្ទុក បានមានប្រសាសន៍ កោតសរសើរ ចំពោះលោក អធិការស្រុកសន្ទុក និងស្រុកបារាយណ៍ ដែលបានអប់រំ មន្ត្រីក្រោមឳវាទ ឲ្យគោរពបាននូវគោលនយោបាយ ព្រមទាំង ច្បាប់ផ្សេងៗ របស់រាជរដ្ឋាភិបាល មិនតែប៉ុណ្ណោះមន្ត្រីនគរបាលស្រុកសន្ទុក បានចូលរួមសហការ ជាមួយ អាជ្ញាធរ មូលដ្ឋាន អនុវត្តន៍ភារៈកិច្ច ក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើសផ្សេងៗ ទាំងផ្នែកទន្លេសាប និងការពារព្រៃឈើ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី ផាន់ សុផេង បានមានប្រសាសន៍ ផ្តាំផ្ញើរដល់ កងកម្លាំងមន្ត្រី ក្រោមឳវាទ ឲ្យខិត ខំសិក្សារៀនសូទ្របន្ថែមទៀត ស្រាវជ្រាវរកចំណេះដឹង យល់ដឹងពីច្បាប់ ពីវិន័យសេចក្តីថ្លៃថ្នូរ របស់កងកម្លាំង និងត្រូវដើរតួនាទីជាគំរូ ជាបែបយ៉ាងរបស់ប្រជាពលរដ្ឋ មិនត្រូវប្រើប្រាស់អំណាចផ្ទាល់ខ្លួន ទៅប្រព្រឹត្តទង្វើប្រាស់ចាកពីច្បាប់ ជាពិសេសក្នុងការអនុវត្តន៍ តួនាទីភារៈកិច្ច មិនត្រូវផឹកសុរា សេបគ្រឿងញៀន ឬប្រាកាន់បក្សពួក និយម ត្រូវដោះស្រាយដោយសន្តិវិធី មានភាពយុត្តិធម៌ ស្មោះត្រង់ ផ្សារភ្ជាប់ជាមួយប្រជា ពលរដ្ឋ អប់រំផ្សព្វផ្សាយពីច្បាប់ផ្សេងដល់មូលដ្ឋាន និងចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ ឃុំមានសុវត្តិ ភាពទាំង ៩ ចំនុច ដើម្បីឲ្យប្រជាពលរដ្ឋ រស់នៅបានសុខសាន្ត។ ដោយ ប៊ុន រដ្ឋា