អភិបាលស្រុកស្ទោង អញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺដែលមានជីវភាពខ្វះខាតចំនួន៤៣នាក់ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកស្ទោង

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣
លោក សាយ គឹមឡម  អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយជូនដល់អ្នកជំងឺដែលមានជីវភាពខ្វះខាតចំនួន៤៣នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកស្ទោង ខេត្តកំពង់ធំ។

 ជាមួយនេះផងដែរលោក សាយ គឹមឡម ក៏បានផ្ដាំផ្ញើដល់អ្នកជំងឺនិងអ្នកមើលថែទាំងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ អនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវេជ្ជបញ្ជា ត្រូវមានអនាម័យខ្ពស់ ហើយត្រូវថែរក្សាទុកដាក់ប័ណ្ណសមធម៌ឱ្យបានល្អ និងយកមកជាមួយនៅពេលទៅព្យាបាលជំងឺផ្សេងៗនៅឯមន្ទីរពេទ្យហើយរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរពាក់ព័ន្ធជាពិសេសភូមិ/ឃុំ នៅពេលដែលបាត់បង់ឬស្នើសុំបន្ត។

លើសពីនេះលោកអភិបាលស្រុកស្ទោង បាន កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ផ្ដល់សេវានិងព្យាបាលអ្នកថែទាំអ្នកជំងឺ ប្រកបដោយក្រុមសីលធម៌វិជ្ជាជីវៈរហូតបានទទួលនូវការជាសះស្បើយគ្រប់ៗគ្នា ដោយបានចំណាយពេលវេលាជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះផងដែរ។

ទន្ទឹមនេះដែរអ្នកជំងឺទាំងអស់ដែលបានអញ្ជើញមកពីបណ្ដាលស្រុកផ្សេងៗ ដូចជាស្រុកកំពង់ស្វាយ ស្រុកប្រាសាទបល្ល័ង្ក ស្រុកជីក្រែង ខេត្តសៀមរាប ក៏ដូចជាស្រុកស្ទោងទាំងមូលក៏បានកើតសរសើរនិងថ្លែងអំណរគុណយ៉ាងក្រៃលែងដល់ក្រុមគ្រូពេទ្យគ្រប់រូបដែលបានខិតខំយកចិត្តទុកដាក់មើលថែ ព្យាបាលនិងផ្ដល់សេវាទូទៅដល់ដល់ពួកគាត់មិនថាយប់ឬថ្ងៃ ដើម្បីព្យាបាលពួកគាត់បានជាសះស្បើយពីជំងឺ បានឆាប់ត្រឡប់ទៅផ្ទះវិញគ្រប់ៗគ្នា។

ជាចុងក្រោយលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ក៏បានណែនាំ និងអំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋដែលមានបានប័ណ្ណសមធម៌ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្លួនឯងផ្ទាល់សូមអញ្ជើញមកទទួលសេវាព្យាបាលជំងឺទូទៅនៅមន្ទីរពេទ្យបង្អែកស្ទោងដោយឥតគិតថ្លៃទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាលក៏ដូចជាគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរថា អំណោយដែលអ្នកជំងឺម្នាក់ៗទទួលបាននៅក្នុងឱកាសនេះរួមមាន÷ អង្ករ១បេ មី០១កេស និងទឹកត្រី០១យួរផងដែរ។ អត្ថបទលោក ធូ កែវមុន្នី