កំពង់ចាម: ប្រជាពលរដ្ឋ បានលើកឡើងជាសំណើរ សំណូមពរ និងកង្វល់សរុបចំនួន ២៣ករណី ត្រូវបានអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៥ អាណត្តិទី៣ ធ្វើការឆ្លើយតបភ្លាមៗ បានចំនួន ៤ករណី អ្វីដែលនៅសេសសល់ត្រូវបានយកទៅពិភាក្សា ដើម្បីដោះស្រាយទៅតាមប្រភេទរដ្ឋបាលនិមួយ
ៗ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ០២៣ នៅវត្តអម្ពវនារាម (វត្តតាអុង) ស្ថិតក្នុងភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្តកំពង់ចាម ។
ក្នុងអង្គវេទិកានោះ តំណាងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ចិន្ដា បានដឹកនាំការឆ្លើយតបចំពោះ សំណើរ សំណូមពរ និងកង្វល់ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងរួមមាន បញ្ហាវាស់វែងដីធ្លីហេីយតែនៅមិនទាន់ទទួលបានប្លង់កម្មសិទ្ធិ បញ្ហាទំនាស់ដីធ្លីនាំឱ្យអាក់ខានការធ្វើប្លង់ដី សុំជួយដោះស្រាយបញ្ហាចៅស្រវឹងបង្ករឿងជាមួយលោកយាយ សុំជួយកសាងវត្ត និងសុំបញ្ចុះតម្លៃអគ្គិសនីដែលប្រេីប្រាស់នៅក្នុងវត្ត សុំប័ណ្ណកម្មសិទ្ធិដីធ្លី សុំបន្ទប់ទឹកបង្គន់អនាម័យ សុំប្រឡាយ៥០០០ម៉ែត្រ រួមទាំងស្តារអាងទឹក និងសុំទ្វារទឹក សុំជួយជួសជុលផ្លូវ និងសុំផ្លូវចុះទៅស្រែចម្ការ សុំអណ្តូងទឹក សុំផ្ទះស្នាក់អាស្រ័យ និងសុំចុះឈ្មោះចូលរៀនជំនាញកសិកម្មនៅវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម ។
ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបន្តការអនុវត្ត អភិក្រម ឆ្លុះបញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ យុទ្ធសាស្ត្រ-ដំណាក់កាលទី១ កំណត់យកនូវអាទិភាព គន្លឹះចំនួន ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
ជាមួយគ្នានោះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះយេីងបានពិភាក្សា ពិគ្រោះយោបល់ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗសម្រាប់រដ្ឋបាលខេត្តយកទៅពិនិត្យ ពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជាពិសេស ពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលក្នុងកិច្ចអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់គាត់ឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិផងដែរ ៕




































