ខេត្តកែប: ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ខេត្តកែបទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុបចំនួនជាង២៦ម៉ឺននាក់។
តាមប្រសាសន៍របស់ ឯក ឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបបានបញ្ជាក់ថា រយ:ពេល៣ថ្ងៃនៃពិធីព្រឹត្តិការណ៍បុណ្យសមុទ្រ គិតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ខេត្តកែប បានទទួលភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ដែលមកសំរាក កម្សាន្ត សរុបចំនួន ២៦៨,១៦០នាក់។ឯកឧត្តម បានសង្កត់ធ្ងន់ថា ក្នុងមហាព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តកែបនេះ ពិតជាទទួលបាលលទ្ធផលយ៉ាងល្អប្រសើរ ដោយពុំមានឧបទ្ទវហេតុណាមួយកើតឡើងនោះឡើយ។ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថា ដំណើរការប្រព្រឹត្តិទៅនៃពិធីបុណ្យសមុទ្រនៅខេត្តកែប បានបិទបញ្ចប់ដោយភាពសប្បាយរីករាយ និងមានភាពជោគជ័យ រួមជាមួយនឹងការកោតសរសើរ វាយតម្លៃពីសំណាក់ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការស្ងើចសរសើរពីសំណាក់មហាជនផងដែរ។
ឯកឧត្តមបានបន្ថែមថា អ្វីដែលកាន់តែប្រសើរថែមទៀតនោះ គឺក្នុងរយ:ពេល៣ថ្ងៃនេះមិនមានភាពអវិជ្ជមានដែលកើតឡើងធ្វើអោយប៉ះពាល់ដល់ទ្រព្យសម្បត្តិ អាយុជីវិតបងប្អូនប្រជាពលរដ្ឋដោយប្រការណាមួយនោះឡើយ។នេះជាការខិត្តខំប្រឹងប្រែងរបស់កងកម្លាំងរបស់យើង ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់្ន សហការគ្នាបានល្អ។
ឯកឧត្តមបានបញ្ជាក់ដែរថា ក្នុងដំណើរកម្សាន្តនៅតាមតំបន់ទេសចរនានា ខេត្តកែប ក៏ពុំមានកើតករណីកកស្ទះខ្លាំងក្លានោះដែរ ដោយសារឆ្នាំនេះយើងបានរៀបចំទីតាំងសម្រាប់ព្រឹត្តិការណ៍បានធំជាងមុន និងច្រើនកន្លែង ពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗកាន់តែមានភាពល្អប្រសើរ៕ សេង ណារិទ្ធ