លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញជាគណៈអធិបតី បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន

0

ប៉ៃលិន៖ ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នៅបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតនៅក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

បើតាមរបាយការណ៍លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិនបានឱ្យដឹងថា៖ ឆ្នាំសិក្សាថ្មី ២០២៣-២០២៤នេះ ខេត្តប៉ៃលិន មានគ្រឹះស្ថានសិក្សា ចាប់ផ្តើមដំណើរការរៀន និងបង្រៀន គឺ៖ មធ្យមសិក្សាសាធារណៈ មានចំនួន ៩សាលា ក្នុងនោះវិទ្យាល័យចំនួន ០៣ សាលា និងអនុវិទ្យាល័យចំនួន ៦សាលា មានសិស្សសរុប ៥៦៨៧នាក់ ស្រីចំនួន ៣០២៧នាក់, បឋមសិក្សាសាធារណៈចំនួន ៥៣សាលា មានសិស្សសរុបចំនួន ១១១៩៩នាក់ ស្រីចំនួន ៥៤៦០នាក់ (ក្នុងនោះសិស្សគ្រប់អាយុចុះឈ្មោះថ្មីចូលរៀនថ្នាក់ទី១ មានចំនួន ១១៣០នាក់ ស្រី ៥១០នាក់) និងសាលាមត្តេយ្យសិក្សាចំនួន ២៥សាលា មានសិស្សសរុបចំនួន ៨៥៨នាក់ ស្រីចំនួន ៤៧៨នាក់ (ក្នុងនោះសិស្សចុះឈ្មោះចូលរៀនថ្មី ចំនួន ៣៥៣នាក់ ស្រី ១៨៥នាក់ ។

បន្ទាប់ពីលោក សោ សុវណ្ណ  អភិបាលរងខេត្តប៉ៃលិន បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាល រួចមក លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ ចាត់ទុកជាឆ្នាំដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ចាប់ផ្ដើមអនុវត្ដអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅ “លើកកម្ពស់ គុណភាពអប់រំ” ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈ ការពង្រឹងកិច្ចការសំខាន់ៗ រួមមាន៖ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាម តម្រូវការ ក្នុងការពង្រឹងចំណេះដឹងវិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារ នៅតាមសាលា និងទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក “ភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ»។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ជំរុញដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវ ដើម្បីបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អ របស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ពីព្រោះក្រសួងបានដាក់ឱ្យអនុវត្តការផ្ដល់ពិន្ទុ ៨០ភាគរយ លើចំណេះដឹង ១០ភាគរយ លើបំណិន និង ១០ភាគរយ លើសីលធម៌ និងចរិយាធម៌ ហើយនៅថ្ងៃនេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏សូមប្រកាសដាក់ចេញនូវ “យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម” នៅទូទាំងប្រទេសចាប់ពីឆ្នាំសិក្សា២០២៣–២០២៤តទៅ ដើម្បីគាំទ្រដល់ការអនុវត្តចលនាប្រឡង ប្រណាំងសាលាស្អាត ដែលកន្លងមក ក្រសួងអប់រំ យុវជននិងកីឡា បានដាក់ចេញនូវគោលការណ៍ លក្ខណៈវិនិច្ឆ័យ និងនីតិវិធី នៃការវាយតម្លៃសាលាស្អាតរួចមកហើយ ព្រមទាំងមានផ្ដល់ជូនរង្វាន់លើកទឹកចិត្ត ក្នុងឱកាសនៃ សន្និបាតអប់រំប្រចាំឆ្នាំផងដែរ ៕

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រ ទទួលបាននូវចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយខ្លួនជាធនធាន ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនឡើង ជាពិសេសត្រូវជៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ហើយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សូមបញ្ជាក់ថា៖ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានឧបត្ថម្ភ ជាសម្ភារៈសិក្សា និង ថវិកាដល់លោកគ្រូ អ្នកគ្រូចំនួន ១៣៦នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ៥០,០០០រៀល និងសិស្សានុសិស្សចំនួន ២២៨៩ នាក់ ដោយក្នុងម្នាក់ៗទទួលបាន សៀវភៅ១៦០ទំព័រ ចំនួន ១ក្បាល ប៊ិកចំនួន ១ ដើម និងថវិកាចំនួន ៥០០០ រៀល ៕

អត្ថបទភ្នំខៀវ ប៉ៃលិន