អ្នកទេសចរសម្រុកលេងបុណ្យសមុទ្រនៅខេត្តកែបដូចទឹកបាក់ទំនប់តម្លៃសេវាទេសចរណ៍ពុំមានការឡើងថ្លៃពេកទេ

0

ដោយ សេង ណារិទ្ធ
ខេត្តកែប៖ ថ្វីដ្បិតភ្ញៀវទេសចរសម្រុកមកសំរាក លម្ហែ កម្សាន្តនៅរមណីយដ្ឋានខេត្តកែបដូចទឹកបាក់ទំនប់ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣ខែធ្នូ ឆ្នាំ២០២៣ ដើម្បីអបអរបុណ្យសមុទ្រលើកទី១០ ជុំទី៣ ប៉ុន្តែបើផ្តោតលើតម្លៃសេវាស្នាក់នៅ ក៏ដូចជាការលក់ដូរចំណីអាហារ និងការជួលកន្លែងអង្គុយលម្ហែ ឬហូបចុក ហាក់ពុំមែនមានការតម្លើងថ្លៃហួសហេតុពេកនោះដែរ។នេះបើតាមការប្រាប់ឱ្យដឹង ពីលោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប។ប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់អោយដឹងដែរថា ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្ររយ:ពេល៣ថ្ងៃនេះមានភ្ញៀវទេសចរមកទស្សនានៅខេត្តកែបចំនួន ២៦៨,១៦០នាក់ ដោយភ្ញៀវទេសចរភាគច្រើនបានធ្វើដំណើរមកពីគ្រប់តំបន់នៃបណ្តាខេត្តផ្សេងៗ ពិសេសអ្នកភ្នំពេញតែម្តង។លោកបានបន្តថា បើទោះជាមានអ្នកទេសចរច្រើនកកកុញ ប៉ុន្តែសេវាស្នាក់នៅ និងសេវាផ្នែកបម្រើម្ហូបអាហារពុំមានការឡើងថ្លៃហួសហេតុពេកនោះដែរ។
ទាក់ទិននឹងតម្លៃទំនិញផ្សេងៗ ពិសេសតម្លៃគ្រឿងសមុទ្រស្រស់ៗ លោក ឯម រតន៍មុន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប បានឱ្យដឹងដែរថា បើទោះជាក្នុងព្រឹត្តិការណ៍បុណ្យសមុទ្ររយ:ពេល៣ថ្ងៃនេះ មានភ្ញៀវទេសចរចូលមកលេងខេត្តកែបយ៉ាងច្រើនកកកុញ តែសម្រាប់តម្លៃគ្រឿងសមុទ្រក៏មិនមានការឡើងថ្លៃហួសប្រមាណនោះដែរ ព្រោះបច្ចុប្បន្ននេះ អាជីវករលក់ដូរនៅខេត្តកែបពិតជាមានការយល់ដឹងច្រើនក្នុងរបររកស៊ីរបស់ពួកគាត់ ម្យ៉ាងទៀតអាជីវករមិនហ៊ានតម្លើងថ្លៃទំនិញទេ ព្រោះពួកគាត់មានបំណងលក់ប្រជែងទីផ្សារក្នុងស្រុក ពោលគឺលក់ចំណេញតិច តែលក់បានច្រើន ប្រសើរជាងលក់ថ្លៃតែបាត់បង់អតិថិជន។លោកប្រធានបានបញ្ជាក់ថា ចំពោះតម្លៃគ្រឿងសមុទ្រស្រស់ៗដូចជា បង្គារស្រស់លេខ១ ក្នុងមួយគីឡូក្រាមចាប់ពី៥ម៉ឺនរៀល ទៅ៧ម៉ឺនរៀល,មឹកស្រស់លេខ១ ក្នុងមួយគីឡូក្រាម តម្លៃចាប់ពី៤ម៉ឺនរៀល ទៅ៧ម៉ឺនរៀល។ដោយឡែកក្តាមសេះលេខ១ ក្នុងមួយគីឡូក្រាម មានតម្លៃចាប់ពី៦ម៉ឺនរៀល ទៅ៧ម៉ឺនរៀល៕