លោក បេង ជាតិ និងអ្នកស្រី វ៉ិត ម៉ាច ធ្វើពិធីលែងសត្វអន្ទង់១៤៦គីឡូក្រាមចូលស្ទឹងសែន ដើម្បីរក្សាពូជអន្ទង់និងសុំសេចក្តីសុខដល់ក្រុមគ្រួសារ

0

កំពង់ធំ៖ លោក បេង ជាតិ និងអ្នកស្រី វ៉ិត ម៉ាច មុខរបរទិញលក់ត្រីគ្រប់ប្រភេទ និងសត្វអន្ទង់ ពីបងប្អូនប្រជានេសាទដែលរកបានពីតាមបឹងត្រពាំងផ្សេងៗយកមកលក់ឱ្យគាត់ជារៀងរាល់ថ្ងៃ ស្ថិតនៅឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីចូលរួមចំណែកក្នុងការអភិរក្សពូជអន្ទង់ផង ដើម្បីរំដោះគ្រោះកម្មពារ និងសុំឱ្យមានសេចក្តីសុខដល់ក្រុមគ្រួសារផងការប្រលែងសត្វអន្ទង់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីតាំង គល់ស្ពានវៀងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ចំនួន១៤៦គីឡូក្រាមចូលស្ទឹងសែន ។
ពិធីនេះក៏មានការនិមន្តព្រះចៅអធិការវត្តចំនួន០៧វត្ត ដើម្បីមកប្រោសព្រំ
លើករាសីកុំឱ្យជួបរឿងអាក្រក់ទាំងឡាយមកលើក្រុមគ្រួសារពួកគាត់ និងលែងសត្វអន្ទង់នេះចូលស្ទឹងសែន ឱ្យរស់រានមានជីវិតដូចសត្វដទៃទៀតផងដែរ។

អ្នកស្រី វ៉ិត ម៉ាច បានលើកឡើងថា ជារៀងរាល់ថ្ងៃគាត់នឹងស្វាមីបានដើរទិញត្រីគ្រប់ប្រភេទ និងសត្វអន្ទង់មកលក់ធម្មតា ប៉ុន្តែមួយរយៈពេលនេះគាត់បានទិញសត្វអន្ទង់បានជាច្រើនគីឡូក្រាម យកទៅលក់នៅភ្នំពេញ ពេលនោះម៉ូយអ្នកទិញជាច្រើននៅភ្នំពេញគាត់មិនទិញសត្វអន្ទង់ទេ ហើយម៉ូយក៏បានផ្ញើសត្វអន្ទង់នោះមកឱ្យគាត់វិញ។ ក្រោយពេលសត្វអន្ទង់មកដល់ផ្ទះគាត់ទុករយៈពេល០១យប់ហើយ អ្នកស្រីបានពន្យល់សុបិនថា សត្វអន្ទង់សូមអោយពួកគាត់ម្ចាស់អន្ទង់ លែងពួកខ្ញុំទៅតាមទឹកស្ទឹងសែន ដើម្បីឱ្យពួកខ្ញុំមានជីវិតរស់ឡើងវិញដូចសត្វដទៃទៀតផង។

ក្រោយពីយល់សុបិនឃើញដូច្នេះ លោកស្រី និងស្វាមីក៏បានសម្រេចចិត្តធ្វើពិធីលែងសត្វអន្ទង់ និងនិមន្តព្រះចៅអធិការចំនួន០៧វត្ត និងពុទ្ធបរិស័ទព្រមទាំងបងប្អូនសាច់ញាតិ បានធ្វើដំណើរពីឃុំសាន់គរ មកធ្វើពិធីលែងសត្វអន្ទង់ ចូលទឹកស្ទឹងសែន អ្នកស្រីយល់ថា បើកាលណាលែងតាមបឹងត្រពាំងនោះបងប្អូនប្រជាសាទ នឹងនេសាទសត្វអន្ទង់នោះមកវិញដដែល និងងាយផុតពូជ ប្រសិនបើប្រលែងចូលទឹកស្ទឹងសែន អាចបន្តពូជជាកូនជាចៅជាច្រើនទៀតផង។ អត្ថបទលោកធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប៕