ខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋ ចំនួន២១គ្រួសារ រស់នៅភូមិដំណាក់អំពិល១០៤ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បាននាំគ្នាផ្តិតមេដៃ ធ្វើពាក្យបណ្តឹង ទៅលោកមេឃុំក្រាំងស្គារ និងលោកអភិបាលស្រុកទឹកផុស ជួយអន្តរាគមន៍ការពារដីរបស់ពួកគាត់ ដោយក្រុមប្រជា ពលរដ្ឋ ទាំង២១គ្រួសារ ខាងលើនេះ បានអះអាងថា ទាហានកាំភ្លើងធំ មកបោះបង្គោលព្រំដី នៅចំណុច១០៥ ហើយបានដេញពួកគាត់ មិនអោយចូលទៅធ្វើស្រែចំការ លើដីរបស់ខ្លួន ។
ក្រុមប្រជាពលរដ្ឋខាងលើ បានអះអាងថា ដីនៅក្នុងភូមិដំណាក់អំពិល១០៤ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាដីដែលពួកគាត់ បានកាន់កាប់តាំងពីឆ្នាំ១៩៩៥មកម្លេះ តែដោយសារតែមានការឃុបឃិតគ្នា រវាងមន្ត្រីសុរិយោដី និងមន្ត្រីទាហានកាំភ្លើងធំ បាននាំគ្នារៀបចំឯកសារ ចុចដីរបស់ពួកគាត់ ទាំងអស់គ្នា ចេញប័ណ្ណអោយឈ្មោះផ្សេង ចំនួន១២នាក់ មកកាន់កាប់ដីខាងលើ ដោយឈ្មោះទាំងអស់នោះ គ្មានអត្តសញ្ញាណច្បាស់លាស់ នៅក្នុងភូមិ ហើយមួយចំនួន សុទ្ធសឹងជាសាច់ញាតិ ខ្សែស្រឡាយរបស់ឈ្មោះ នួន វិចិត្រ ជាមន្ត្រយោធាកាំភ្លើងធំ ពាក់ផ្កាយ២ ។
ឈ្មោះទាំង១២នាក់ខាងលើ ដែលប្រជាពលរដ្ឋ បានអះអាងថា មន្ត្រីសុរិយោដីឃុបឃិតគ្នា ជាមួយមន្ត្រី ទាហានកាំភ្លើងធំ មានឈ្មោះកាន់កាប់ដី របស់ពួកគាត់ មានឈ្មោះ ៖ ១- មាន ចាន់ហេង ក្បាលដីលេខ៦៣៨, អេង សុភា ក្បាលដីលេខ៦៣៩, ចាន់ មុត ក្បាលដីលេខ៦៤០, ឃឹម ឈុន ក្បាលដីលេខ៦២៩ , ខៀវ ឋិតផេរ ក្បាលដីលេខ៦៣០ ,កុច ចាន់ឌី ក្បាលដីលេខ៦៣១, ព្រំ សេថា ក្បាលដីលេខ៦៣២, អ៊ុំ ប៊ុនសុន ក្បាលដីលេខ៦៣៣, ប៉ុល
ខេមរាណ ក្បាលដីលេខ៦៣៤, យឹម ចាន់ដា ក្បាលដីលេខ៦២៣, យឹម ចាន់ដា ក្បាលដីលេខ៦២៨ , យឹម សុអ៊ីម ក្បាលដីលេខ៦២៥ ដោយឈ្មោះទាំងនេះ មិនដឹងជាបានទិញដីខាងលើនេះ ពីឈ្មោះ ថា ឬ កាន់កាប់ដីនេះ ដោយវិធីណាឡើយ ព្រោះប្រជាពលរដ្ឋទាំង២១គ្រួសារខាងលើ អះអាងថា ពួកគាត់ មិនបានលក់ ទៅអោយនរណាម្នាក់ឡើយ ។
សូមរម្លឹកថា ទំនាស់ដីធ្លី ដែលពាក់ព័ន្ធព័ន្ធ និងលោកផ្កាយ២ នួន វិចិត្រ ជាមន្ត្រីយោធាកាំភ្លាំងធំនេះ គឺមិនត្រឹមតែកើតមាន ចំពោះប្រជាពលរដ្ឋទាំង២១គ្រួសារខាងលើនេះ តែប៉ុណ្ណោះទេ គឺមានជាច្រើនករណីទៀត ដែលកន្លងទៅមានសារពត៌មាន និងទូរទស្សន៍ក្នុងស្រុក បានចុះផ្សាយ រហូតដល់ លោកអភិបាលខេត្តកំពង់ឆ្នាំង បង្កើតក្រុមអធិការកិច្ច ចុះស្រាវជ្រាវពាក់ព័ន្ធទំនាស់ដីធ្លី រវាងលោក នួន វិចិត្រ និងប្រជាពលរដ្ឋ តែមិនទាន់ឃើញមានលទ្ធផលយ៉ាងណា ជាផ្លូវការនៅឡើយទេ ៕