ខេត្តសៀមរាបះ មច្ឆាជាតិនិងរលាយហិនហោចមិនខានឡើយ បើកាលណា មន្រ្តីរផ្នែករដ្ឋបាលជលផលដំដែក និងសង្កាត់រដ្ឋបាលជលផលកំពង់ឃ្លាំង់បណ្ដែតបណ្ដោយឱ្យមានការនេសាទលាស រុញស៊ីប ដាក់ឆ្នុក និងប្រើប្រាស់ឧបករណ៍នេសាទ ខុសច្បាប់ដែលក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទហាមឃាត់។
ជាក់ស្ដែងជារៀងរាល់ថ្ងៃមានកាណូតរុញស៊ីបអូសលៀសបំផ្លាញជម្រកត្រី បំផ្លាញមច្ឆាជាតិ ក្នុងមួយថ្ងៃមិនក្រោមពី 20 គ្រឿងនោះឡើយ បានធ្វើសកម្មភាពអូសលៀសកណ្ដាលទន្លេនៅក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាបបានបង្កឲ្យវិនាសហិនហោចទាំងមច្ឆាជាតិនិងជម្រករបស់ត្រី។
ប្រជាពលរដ្ឋតែងតែអស់សង្ឃឹមចំពោះផ្នែករដ្ឋបាលជលផលដំដែក និងសង្កាត់រដ្ឋបាលជលផលកំពង់ឃ្លាំង ដែលតែងតែបណ្ដែតបណ្ដោយឲ្យមានការប្រព្រឹត្តបទល្មើសនេសាទដោយមានការឃុបឃិតគ្នា អនុវត្តបញ្ច្រាសទិសពីបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលហាមឃាត់មិនឲ្យប្រើឧបករណ៍នេសាទខុសច្បាប់ ការអូសលៀស ព្រោះតែ
ប្រយោជន៍របស់ខ្លួនបានបំផ្លាញធនធានមច្ឆជាតិ ដោយមិនខ្វល់ពីស្បៀងអាហារសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេសឡើយ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាមានក្រុមឈ្មួញយកកាណូតជាច្រើនគ្រឿងបានធ្វើការអូសលៀសចាប់តាំងពីឃុំពាមបានខេត្តកំពង់ធំ រហូតមកដល់មាត់ខ្លានិងពេជ្រចក្រី តាមបណ្ដោយបឹងទន្លេសាប ស្ថិតនៅក្នុងឃុំកំពង់ឃ្លាំង ខេត្តសៀមរាប ក្រុមឈ្មួញទាំងនេះសុទ្ធតែមានការត្រូវគ្នា ជាមួយនឹងសមត្ថកិច្ចជលផលទើបការប្រព្រឹត្តបទល្មើសនេសាទរុញស៊ីប ដាក់ឆ្នុកអូសលៀស យ៉ាងកាវ និងអួនក្រឡាញឹកបានកើតឡើងពាសពេញបឹងទន្លេសាប។
ក្នុងនោះមហាជនបានទទូចនិងសំណូមពរដល់ ឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ព្រមទាំងឯកឧត្តមពុំ ស៊ីថា ប្រតិភូរាជរដ្ឋាភិបាលនិងជាប្រធានរដ្ឋបាលជលផល សូមលោកមេត្តា ជួយអន្តរាគមន៍មកលើមន្ត្រីជំនាញនៅថ្នាក់ក្រោមជាពិសេសថ្នាក់មូលដ្ឋាននៅលើផ្ទៃបឹងទន្លេសាបសព្វថ្ងៃនេះ តើតួនាទីរបស់ពួកគាត់ធ្វើអ្វីខ្លះ ឬមួយរងចាំតែបញ្ជាពីថ្នាក់លើទើបដុតដៃដុតជើងបង្ក្រាប ជាពិសេសទឹកដីឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាប ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ពីមច្ឆាជាតិខ្លះផងព្រោះការរុញស៊ីបអូសលៀសដាក់ឆ្នុកនេះបានបង្ហាញពីការរលាយហិនហោច និងជាភ័យអន្តរាយដល់សង្គមមិនខានឡើយ។