កំពង់ធំ÷ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសូងអភិវឌ្ឍន៍ នឹងមានការចូលរួមពីឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និងមន្ត្រីបច្ចេកទេសផ្លូវជនបទ បានចូលរួមចុះត្រួតពិនិត្យ និងវាយតម្លៃ១០០% ដំណាក់កាលចុងក្រោយ លើការងារថែទាំផ្លូវជាប្រចាំ ដោយក្រាលល្បាយក្រួស ចំនួន ១៤ខ្សែ ប្រវែងសរុប ១២០,២៥០ម៉ែត្រ។
លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានលើកឡើងពីការកសាងផ្លូវនៅស្រុកបារាយណ៍មាន០៣ខ្សែ ប្រវែង២២,៧០០ម៉ែត្រ ស្ថិតក្នុងឃុំឈូកខ្សាច់ ឃុំចុងដូង ឃុំបល្ល័ង្គ និងឃុំបាក់ស្នា។ សម្រាប់ស្រុកសន្ទុក មាន០៦ខ្សែ ប្រវែង៤៥,៥០០ម៉ែត្រ ស្ថិតក្នុងឃុំតាំងក្រសាំង ឃុំទីពោ ឃុំក្រយា ឃុំត្បូងក្រពើ និងឃុំកកោះ។
ស្រុកកំពង់ស្វាយមាន០២ខ្សែ ១៣,៦៥០ម៉ែត្រ ស្ថិតក្នុងឃុំក្តីដូង ឃុំត្រពាំងឬស្សី និងឃុំជ័យ ស្រុកប្រាសាទសំបូរ មាន០៣ខ្សែ ប្រវែង៣៨,៤០០ម៉ែត្រ ស្ថិតក្នុងឃុំតាំងក្រសៅ ឃុំស្រើង និងឃុំគោល ។
ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសូងអភិវឌ្ឍន៍ បានមានប្រសាន៍ថា ជាលទ្ធផលគណៈកម្មការអន្តរក្រសួងព្រមទទួលយក១០០%ដំណាក់កាលចុងក្រោយ និងបានផ្តល់អនុសាសន៍នែនាំដល់មន្ទីរត្រូវបន្តយកចិត្តទុក្ខដាក់ថែទាំផ្លូវទាំងអស់នេះជាប្រចាំឲ្យបានល្អប្រសើរ ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ ក្នុងការដឹកជញ្ជូន ការមកទទួលសេវានានា និងការធ្វើដំណើររបស់សិស្សានុសិស្សមកកាន់សាលារៀនប្រកបដោយសុវត្ថិភាព។ អត្ថបទលោក ធូ កែវមុន្នី