ទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៣ ក្នុងខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖យើងភ្លេចជំងឺអេដស៍ តែជំងឺអេដស៍មិនភ្លេចយើងនោះទេ ពិសេសក្រុមយុវជន ដោយបច្ចុប្បន្នយើងសង្កេតឃើញមានការឆ្លងជំងឺអេដស៍ឡើងវិញគួរឱ្យកត់សំគាល់ នេះគឺជាប្រសាសន៍លើកឡើងរបស់លោកស្រី ឆាន់ ចន្ទសោភា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ក្នុងឱកាសប្រារព្ធទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៣ ក្រោមប្រធានបទ “សហគមន៍ឹតែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍” ដែលសាខាកាកបាទក្រហមខេត្ត បានរៀបចំធ្វើឡើងនៅសាលាស្រុកស្វាយចេក នារសៀលថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២៣ ក្នុងនោះផងដែរក៏បានផ្ដល់ជូននូវអំណោយ មនុស្សធម៌ដល់បងប្អូនដែលផ្ទុកនិងជំងឺអេដស៍ចំនួន ៤៧ គ្រួសារ ដោយ ១គ្រួសារៗទទួលបាន អង្ក ២៥ គីឡូក្រាម មីជាតិ ១កេសតូច ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកដោះគោខាប់ ២កំប៉ុង ស្ករស ១គីឡូក្រាម ប្រេងឆា ១ដប នំប្រៃ ១ធុង ប្រេងកូឡា ១ប្រអប់ និងថវិកាមួយចំនួន។
លោកស្រី ឆាន់ ចន្ទសោភា បានអានសារលិខិតសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទីការភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍និងការអភិវឌ្ឍន៍នៅកម្ពុជា ដោយសារលិខិតមានខ្លឹមសារថា កន្លងមកក្រោមការ ដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបច្ចុប្បន្នបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែប្ដេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការដឹកនាំបំផុសចលនាចូលរួម ជាចរន្តជាតិតែមួយក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍ និងជំងឺអេដស៍ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ និងមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ អន្តរជាតិ ជាពិសេសពីស្ថាប័នអង្គការសហប្រជាជាតិ ថែមទៀតផង។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលឆ្ពោះទៅសម្រេចគោលដៅ ដែលជាមោទនភាពថ្មីមួយទៀត ដែលនោះ គឺជាការឈានទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥។

ប្រធានបទ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ ២០២៣ “សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅ បញ្ចប់ជំងឺអេដស៍” បានគូសបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីអាចបញ្ចប់ជំងឺអេដស៍បាន គឺ ទាមទារឱ្យមានការចូលរួមបញ្ចប់ជំងឺ ឱ្យបានពេញលេញ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចដែលព្រះរាជាណាចក្រកម្ពុជាយើង ធ្លាប់បាននិងកំពុងបន្តអនុវត្ត ក្នុងការឆ្លើយតបទូលំទូលាយ និងពហុវិស័យ ទៅនឹងមេរោគ អេដស៍/ជំងឺអេដស៍ ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោឡើយ និងការបង្កើតឱ្យមានមធ្យោបាយអប់រំផ្សព្វផ្សាយថ្មីៗដែលមានលក្ខណៈឌីជីថល។ លើសពីនេះទៀត កាកបាទក្រហមកម្ពុជាបានកំណត់នូវអាទិភាពខ្ពស់ ក្នុងការចូលរួមបញ្ចប់ការរើសអើងនិងមាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ កំពុងលើកទឹកចិត្តនិងគាំទ្រឲ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់សហគមន៍ ពីរអ្នករងគ្រោះផ្ទាល់ ជាពិសេសក្រុមប្រជាជនគន្លឹះ រួមគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ចាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ឲ្យចូលរួមឆ្លើយតបនៅក្នុងចរន្តជាតិតែមួយ៕ដោយ៖ឃិន គន្ធា