ខេត្តស្ទឹងត្រែង៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានស្ទាក់ចាប់រថយន្តយីឌុបមួយគ្រឿង ដែលដឹកអុសកៅស៊ូពីលើ និងបង្កប់ឈើអារល្មើសច្បាប់ មានចំនួនជិត ១៤០សន្លឹកពីក្រោម ចេញពីខេត្តរតនគិរី នាម៉ោងជិតពាក់កណ្តាលអាធ្រាត្រ ថ្ងៃទី៦ធ្នូ ជិតឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅលើដងផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិសាស្ត្រភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
យោងរបាយការណ៍របស់ ផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង បានឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោក ជា សុភ័ក្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង និងនាយផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង មន្ត្រីផ្នែករដ្ឋបាលព្រៃឈើពីរនាក់ បានចុះត្រួតពិនិត្យរថយន្ត ១គ្រឿង ក្រោយរងការបង្ក្រាបពីកម្លាំងនគរបាលខេត្ត និងបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី៧ធ្នូ២០២៣។
របាយការណ៍បានបង្ហាញទៀតថា រថយន្តដែលរងការបង្ក្រាបមួយគ្រឿងនោះ បានដឹកអុសកៅស៊ូចេញពីស្រុកបរកែវ ខេត្តរតនគិរី នាំឆ្ពោះទៅកាន់ខេត្តព្រៃវែង ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង និងក្រោយការពិនិត្យ (រើអុសទម្លាក់ចុះ) សមត្ថកិច្ចបានរកឃើញឈើអារល្មើសច្បាប់ ប្រភេទឈើអារលេខ១ ឈើឈ្លីក ចំនួន ១៣៨សន្លឹក ស្មើ ៤,១៤០ម៉ែត្រត្រីគុណ រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ក្បាល ស ទ្រុងខៀវ ពាក់ស្លាកលេខ ព្រៃវែង 3A -1258 ពិតជាមានលួចលាក់បង្កប់ផ្ទុកឈើអារល្មើសច្បាប់ នៅក្នុងរថយន្តនេះពិតប្រាកដមែន ។
របាយការណ៍រដ្ឋបាលព្រៃឈើ សរសេរបង្ហាញអំពីចម្លើយរបស់ ម្ចាស់រថយន្ត ឈ្មោះ ហម ឈន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងបក្ខពួកពីរនាក់ទៀត ដោយបានបញ្ជាក់ថា ពួកគេបានដឹកឈើខាងលើនេះ តាមរថយន្ត ចេញពីស្រុកបរកែវ ខេត្តរតនគិរី ដោយឈើអារទាំងនោះ ពួកគេបានទិញពីប្រជាពលរដ្ឋ នៅទីនោះ ក្នុងតម្លៃ ១ម៉ែត្រត្រីគុណ ស្មើនឹង ៧០ម៉ឺនរៀល ហើយយកទៅលក់បន្ត នៅក្នុងខេត្តព្រៃវែង តាមតម្លៃទីផ្សារជាក់ស្តែង។
ខណៈនេះរថយន្តត្រូវបានរក្សាទុកបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដោយឡែក ឈើជាវត្ថុតាង ត្រូវបានបញ្ជូនយកទៅរក្សាទុកនៅ ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត។ ចំពោះជនសង្ស័យ ៣នាក់ ដែលរងការឃាត់ខ្លួនបណ្តោះអាសន្ន ក្រោយការបង្ក្រាបរថយន្តដឹកឈើមួយគ្រឿងនោះ ក៏ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញហើយ និងរង់ចាំការចូលខ្លួនមកបង់ពិន័យអន្តរកាល តាមច្បាប់ស្តីពីព្រៃឈើ នៅសាលាដំបូងខេត្តស្ទឹងត្រែង៕ s/b