អភិបាលខេត្តព្រះវិហារ ក្រើនរំលឹកដល់យុវជន ជនមានពិការភាព និងអ្នករស់នៅជាមួយមេរោគអេដស៍ ត្រូវរួមគ្នាទប់ស្កាត់ការចម្លងមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីកម្ពុជា ឈានទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥

0

ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿន ក្រើនរំលឹករបស់ អភិបាលខេត្ត  និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោក គីម រិទ្ធី ថ្លែង ក្នុងការ ប្រារព្ធទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍  ១ធ្នូ  ឆ្នាំ២០២៣  ក្រោមប្រធានបទ  “សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍” នៅឆ្នាំ២០២៥ ដែលបានធ្វើឡើងនៅរសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងបរិវេណ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ។

នៅក្នុងការប្រារព្ធទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍នោះ ក៏មានបញ្ចូលទិវាអន្តជាតិនៃជនពិការ ៣ធ្នូ និងទិវាអ្នកស្ម័គ្រចិត្ត ៥ធ្នូ ដោយមានការចូលរួមពី សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា អ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ ជនមានពិការភាព មកពីក្រុង-ស្រុកទាំង៧ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នៅក្នុងខេត្តព្រះវិហារ ផងដែរ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង ពាំនាំប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ លើការឈានឆ្ពោះទៅបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥។ លោកថា ការប្រារព្ធទិវានេះឡើង មានគោលបំណងទាញការយកចិត្តទុកដាក់ពីបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន ឱ្យបន្តការប្រុងប្រយ័ត្ន ក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍ ជំងឺអេដស៍។

លោក គីម រិទ្ធី បានថ្លែង កោតសរសើរដល់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ដែលតែងខិតខំបំពេញតួនាទីរបស់ខ្លួននាពេលកន្លងមក បានយ៉ាងល្អប្រសើរ  និងបានក្រើនរំលឹក ដល់បងប្អូនជនពិការ និងអ្នករស់នៅជាមួយមេរោគអេដស៍ទាំងអស់  ត្រូវខិតខំថែរក្សាសុខភាពអោយបានល្អ ឧស្សាហ៍ហាត់ប្រាណ ហូបស្អាត ផឹកស្អាត និងត្រូវលាងដៃជាមួយសាប៊ូជាប្រចាំ។ លើសពីនេះទៀត ត្រូវចូលរួមអនុវត្តតាមរយ:សារលិខិតសំខាន់ៗទាំង ៦ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។

នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្តព្រះវិហារ ក៏បានអញ្ជើញចែកអំណោយមនុស្សធម៌ ជូនអ្នករស់នៅជាមួយមេរោគអេដស៍ ៥២គ្រួសារ និងជនមានពិការភាព ១៥គ្រួសារ ដោយក្នុង ១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកា ៥ម៉ឺនរៀល ,អ្នកស្ម័គ្រចិត្ត ២៥នាក់ ម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល ប័ណ្ណសរសើរ១ សាប៊ូម្សៅ ១គីឡូក្រាម,  យុវជនកាកបាទក្រហមកម្ពុជា ២៥នាក់ ម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល ប័ណ្ណសរសើរ១ សៀវភៅ ២ក្បាល និងប៊ិច ១ដើម ផងដែរ៕ s/b