ខេត្តព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជេីញជាអធិបតីក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ“សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍” និងរួមបញ្ចូលទិវាអន្តជាតិនៃជនពិការ ៣ធ្នូ ទិវាអ្នកស្ម័គ្រចិត្ត ៥ធ្នូ ដែលបានប្រារព្ធធ្វេីឡេីងនៅបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ។
ពិធីនេះក៏មានវត្តមានចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា អ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ ជនមានពិការ មកពីក្រុង-ស្រុកទាំង៧ ក្នុងខេត្តព្រះវិហារ និងអ្នកពាក់ព័ន្ធជាច្រេីនរូបទៀត ។
លោក ពឹង ទ្រីដា អនុប្រធានគណៈកម្មាធិការសាខា បានអានសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ។
អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ឯកឧត្តម គីម រិទ្ធី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់នូវសុខទុក្ខប្រជាពលរដ្ឋ ទៅលើការឈានឆ្ពោះទៅការបញ្ចប់អេដស៍ នៅឆ្នាំ២០២៥ ក្នុងន័យនេះមានគោលបំណងទាញការយកចិត្តទុកដាក់របស់បងប្អូន និងក្មួយៗយុវជន ឱ្យបន្តការប្រុងប្រយ័ត្នក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍/ជំងឺអេដស៍។ ហើយត្រូវចូលរួមអនុវត្តតាមរយ:សារលិខិតសំខាន់ៗទាំង ៦ចណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ។
ឯកឧត្តម គីម រិទ្ធី ក៏បានថ្លែងកោតសរសើរដល់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ដែលតែងតែខិតខំបំពេញតួនាទីរបស់ខ្លួននាពេលកន្លងមកបានយ៉ាងល្អប្រសើរ ព្រមទាំងផ្ដាំផ្ញេីជម្រុញដល់បងប្អូនជនពិការភាព និងអ្នករស់នៅជាមួយមេរោគអេដស៍ទាំងអស់ ថែរក្សាសុខភាពអោយបានល្អ ឧស្សាហ៍ហាត់ប្រាណ ហូបស្អាត ផឹកស្អាត លាងដៃជាមួយសាប៊ូជាប្រចាំ ។
ពិធីនេះក៏មានការផ្តល់អំណោយមនុស្សធម៌ ដល់គ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន ៥២គ្រួសារ និងជនមានពិការភាព ចំនួន ១៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ៥០,០០០រៀល។ បន្ថែមពីនេះ សាខាក៏បានឧបត្ថម្ភដល់អ្នកស្ម័គ្រចិត្ត ចំនួន ២៥នាក់ នូវថវិកាចំនួន ២០,០០០រៀល ប័ណ្ណសរសើរ១ សាប៊ូម្សៅ ១គីឡូ, យុវជនកាកបាទក្រហមកម្ពុជា ចំនួន ២៥នាក់ ថវិកាចំនួន ២០,០០០រៀល ប័ណ្ណសរសើរ១ សៀវភៅ២ក្បាល និងប៊ិច ១ដើម ៕ សួន លីណា