លោក ឡាយ ស៊ីលី បានណែនាំដល់រដ្ឋបាលឃុំកំពង់ចិនត្បូង ត្រូវយកចិត្តទុកដាក់ដល់សុខុមាលភាពបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងមានពិការភាព

0

កំពង់ធំ÷ នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣
លោក ឡាយ  ស៊ីលី អភិបាលរងស្រុក តំណាងលោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង  អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រប្រមាណ០៩គ្រួសារនៅក្នុងឃុំកំពង់ចិនត្បូង   ស្រុកស្ទោង  ខេត្តកំពង់ធំ  ។

ទាំងនេះសបញ្ជាក់ឃើញពីការយកចិត្តទុកដាក់របស់លោក សាយ គឹមឡម  ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ភាពខ្វះខាតខាងជីវភាព និងបន្ទាន់ ជាពិសេសអ្នកដែលមានពិការភាព ពុំចេញទៅប្រកបមុខរបរអ្វីបាននោះឡើយ ដើម្បីផ្គត់ផ្គង់ជីវភាពពួកគាត់បានមួយកំរិតផងដែរ។

ជាមួយគ្នានេះលោក ឡាយ ស៊ីលី ក៏បានណែនាំដល់រដ្ឋបាលឃុំកំពង់ចិនត្បូង ត្រូវបង្កើនការយកចិត្តទុកដាក់ដល់សុខុមាលភាពបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត  និងមានពិការភាព ឬរាយការណ៍ជាបន្ទាន់មករដ្ឋបាលស្រុកស្ទោង ដើម្បីជួយសង្គ្រោះពួកគាត់ឱ្យបានទាន់ពេលវេលា សូមផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសុខភាពផ្ទាល់ខ្លួន ខិតខំដាំដុះដំណាំបន្លែបន្ទាប់បន្សុំជាលក្ខណៈគ្រួសារ ជាប្រភេទដំណាំបន្លែសរីរាង្គ មិនប្រើប្រាស់សារធាតុជំនួយឬសាធាតុគីមី ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព នៅតាមជុំវិញគេហដ្ឋាន ដើម្បីទ្រទ្រង់សុខភាពក៏ដូចជាសេដ្ឋកិច្ចគ្រួសារឲ្យកាន់តែប្រសើរឡើង ហើយក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជា គ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។

ជាចុងក្រោយលោកអភិបាលរងស្រុកស្ទោង ក៏បានជំរុញបន្ថែមដល់ លោកគ្រូអ្នកគ្រូ លោកនាយក សិស្សានុសិស្ស មិត្តភក្កិ សូមជួយលើកទឹកចិត្ត ឧបត្ថម្ភគាំទ្រ និងនាំកុមារី ម៉ុក សុឃីម ដែលមានពិការភាពជាប់ខ្លួន ឲ្យបានបន្តការសិក្សារៀនសូត្រនៅសាលារៀនឲ្យបានទៀងទាត់ និងអស់លទ្ធភាពជាក់ស្ដែងផងដែរ។

គួរបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋទាំង០៩គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាននូវ÷ អង្ករ០១បេ មី០១កេស ត្រីខ០១យួរ ទឹកស៊ីអ៊ីវ០១យួរ និងទឹកត្រី០១យួរ ផងដែរ ។ ដោយឡែកកុមារីដែលមានពិការ ភាពទទួលបានបន្ថែមនូវគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់មួយចំនួននិងថវិកា ១០០.០០០រៀល ដែលជាអំណោយរបស់លោក សាយ គឹមឡម អភិបាលស្រុកស្ទោងផ្ទាល់៕ អត្ថបទលោក ឆុន ឆេងក្រឹម