យុទ្ឋនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក្រោមប្រធានបទ(រួមគ្នាវិនិយោគលើការទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងក្មេងស្រី)

0

កំពង់ធំ÷ លោក ឆាំ ថន អភិបាលរង នៃគណអភិបាលស្រុកប្រាសាទសំបូរ លោក ធង ជ្រឿន ប្រធានសម្របសម្រួលអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ(CWCC)ប្រចាំខេត្តកំពង់ធំ លោកស្រី ជួន ដាវីត ប្រធានគម្រោង សកម្មភាពស្រ្តីនិយម នៃអង្គការឃែ( CARE)និងក្រុមការងារថ្នាក់ស្រុក/ឃុំ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុប២៩៤នាក់ បានអញ្ជើញចូលរួមយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក្រោមប្រធានបទ(រួមគ្នាវិនិយោគ លើការទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងក្មេងស្រី) នៅបរិវេណវត្តតាំងក្រសៅ ស្ថិតនៅឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។

លោក ធង ជ្រឿន ប្រធានសម្របសម្រួលអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិប្រចាំខេត្តកំពង់ធំ បានលើកឡើងថាការប្រារព្វយុទ្ធនាការប្រចាំឆ្នាំនៃសកម្មភាព១៦ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រី គឺជាទិវាអន្តរជាតិដែលប្ររព្វឡើងជារៀងរាល់ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ក្នុងគោលបំណងគឺ ជំរុញបង្កើនការយកចិត្តទុកដាក់ ទៅលើការរំលោភសិទ្ធិមនុស្សរបស់ស្ត្រី គ្រប់រូបភាពនៅ ក្នុងសង្គម សម្តែងនូវសេចក្ដីអបអរ និងស្មារតីលះបង់របស់អ្នកគាំទ្រ ទាំងនៅក្នុងប្រទេស ក៏ដូចជានូវលើពិភពលោក ដែលធ្វើការងារយ៉ាងសកម្មក្នុងការលុបបំបាត់អំពើហិង្សាទៅលើស្ត្រីនិងក្មេងស្រី។

លោក ធង ជ្រឿន បានបន្តទៀតថា ការចាត់វិធានការទប់ស្កាត់ និងលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សា ប្រឆាំងស្ត្រីនិងក្មេងស្រី នៅថ្នាក់អន្តរជាតិនិងថ្នាក់ជាតិ។ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ បញ្ហាប្រឈមទាក់ទង នឹងឥរិយាបទរើសអើងលើស្ត្រី និងអំពាវនាវឱ្យមានការធ្វើឱ្យប្រសើរឡើងនូវសេវាផ្លូវច្បាប់ និងការទទួលបានសេវាដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។ ជំរុញឱ្យមានការចូលរួមរបស់យុវជនក្នុងការបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី និងលើកកម្ពស់ការយល់ដឹងអំពីបុព្វហេតុ និងផលប៉ះពាល់នៃអំពើហិង្សា។

លោក ឆាំ ថន អភិបាលរងស្រុកប្រាសាទសំបូរ បានមានប្រសាសន៍ថា  កន្លងមកស្រ្តីនិងក្មេងស្រី ជាពិសេសស្រ្តីនិងក្មេងស្រីពិការតែងតែរងអំពើហិង្សាពីផ្នត់គំនិត វប្បធម៍, ប្រពៃណី និងការអោយតម្លៃខុសៗគ្នារវាងបុរសនិងស្រ្តី ទាំងអស់នេះដែលធ្វើអោយស្រ្តីរងគ្រោះរហូតមកដល់បច្ចុប្បន្ននេះ។ការប្រើប្រាស់អំពើហិង្សាលើស្រ្តីនិងក្មេងស្រី គឺទម្រង់នៃការរំលោភបំពាននានាដែលចាត់ទុកថាជាអំពើរំលោភសិទ្ឋិមនុស្ស និងមូលដ្ឋានគ្រិះនៃសេរីភាពរបស់ស្រ្តី។ ហើយបច្ចុប្បន្នក៏មានករណីហិង្សាលើស្រ្តី ដោយចេញពីការមានវិបត្តិផ្នែកហិរញ្ញវត្ថុផងដែរ  បន្ទាប់ពីគ្រួសារមួយចំនួន រកប្រាក់ចំណូលមិនបាន ធ្វើឱ្យប៉ះពាល់អារម្មណ៍ និងផ្លូវចិត្ត តប់ប្រម៉ល់ ដូចនេះក្នុងគ្រួសារខ្លះមិនអាចទប់នៃភាពតានតឹងនេះបាន ដែលជាហេតុឱ្យមានអំពើហិង្សាមួយចំនួនកើតឡើង  ហើយការប្រើអំពើហិង្សាអោយប៉ះពាល់ដល់រូបស្រ្តីផ្ទាល់និងការអភិវឌ្ឈរបស់ប្រទេសផងដែរ។

លោកអភិបាលរងស្រុកប្រាសាទសំបូរ បានបន្ថែមទៀតថា ដូច្នេះដើម្បីដោះស្រាយបញ្ហាទាំងនេះ គ្រូសារ សហគមន៍ និងសង្គមត្រូវរួមកែលំអរឥរិយាបទ និងការប្រព្រឹត្តិទាំងនេះ តាមរយៈការជំរុញនិងផ្តល់ឧកាសអោយក្មេងស្រី និងក្មេងប្រុស ស្រ្តីនិងបុរសទទួលឧកាសស្មើរគ្នា ក្នុងការអប់រំ ការថែទាំ ទំនុកបំរុងកិច្ចការពារផ្សេងៗ  ហើយការបង្កើនភាពអង់អាច សមត្ថភាព និងលទ្ឋភាពអោយស្រ្តីនិងក្មេងស្រី ជាពិសេសស្រ្តីនិងក្មេងស្រីដែលមានពិការភាពមានឱកាសបានចូលរួមក្នុងការងារ អភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមកិច្ច និងការធ្វើសេចក្តីសម្រេចចិត្តទាំងនៅក្នុងគ្រួសារ និងក្នុងសង្គម ហើយយើងទាំងអស់គ្នា ពង្រឹងភាពអង្គអាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី នៅពេលដែលយើងពង្រឹងភាពអង់អាចដល់ស្រ្តី យើងពង្រឹងភាពអង់អាចដល់គ្រួសារស្រ្តី យើងពង្រឹងភាពអង់អាចដល់សហគមន៍ស្រ្តី។

ជាចុងក្រោយលោក ឆាំ ថន អភិបាលរងស្រុកប្រាសាទសំបូរ បានសូមឱ្យបងប្អូនទាំងអស់រាយការណ៍មកអាជ្ញាធរជាបន្ទាន់ ដើម្បីឲ្យគាត់ជួយអន្តរាគមន៍ចុះដល់មូលដ្ឋានការពារដល់ពួកគាត់បានទាន់ពេលវេលា។ សូមចូលរួមផ្សព្វផ្សាយបន្ថែមនៅក្នុងសហគមន៍របស់បងប្អូន ពីកត្តាមួយចំនួនដែលកើតមានឡើងនៅក្នុងសហគមន៍ ពិសេសគឺការរំលោភបំពានទៅលើស្ត្រីនិងក្មេងស្រី ដើម្បីឲ្យគាត់រួចផុតអំពើអាក្រក់របស់មនុស្សមួយចំនួនដែលប៉ុនប៉ងធ្វើបាបដល់ក្រុមគ្រួសាររបស់ពួកគាត់។ អត្ថបទលោក ធូ កែវមុន្នី