ពលរដ្ឋសំណូមពរមន្ត្រីជំនាញមានចំណាត់ការលើទូកអូសឆក់នៅតំបន់ទឹករាក់ នៃសមុទ្រខេត្តកែប

0

កែប៖ ករណីល្មើសនេសាទនៅតំបន់ទឹករាក់នៃសមុទ្រ ខេត្តកែប នៅតែកើតមានដដែល ទោះបីកន្លងទៅ ជំនាញជលផល នៃមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តកែប បានចេញប្រតិបត្តិការបង្រ្កាបជាហូរហែក៏ដោយ តួយ៉ាងដូចជាថ្មីៗនេះ នៅតំបន់ផែទេសចរណ៍កោះទន្សាយ ក្រុងកែប ខេត្តកែប ពលរដ្ឋរាយការណ៍មកថា មានទូកអូសប្រមាណ៤ទៅ៥គ្រឿង ភ្ជាប់ជាមួយឧបករណ៍ឆក់ ចូលមកអួសជាញឹកញាប់។ ការនេះពលរដ្ឋសំណូមពរឱ្យមន្ត្រីជំនាញបន្ថែមចំណាត់ការ។
ក្រៅតែពីតំបន់ទឹករាក់ នៃផែកោះទន្សាយ នៅតំបន់ទឹករាក់នៅភូមិសាស្រ្តស្រុកដំណាក់ចង្អើរ អ្នកនេសាទបានផ្តល់ព័ត៌មានមកថា តែងតែមានទូកអូសឆក់មកពីតំបន់ផ្សេងក្រៅតែពីអ្នកនេសាទនៅខេត្តកែប ដូចជាខេត្តកំពត ចូលមកអូសទាំងថ្ងៃក្នុងជម្រៅទឹករាក់ ដែលធ្វើឱ្យប៉ះពាល់មុខរបរនេសាទខ្នាតតូចរបស់ពួកគាត់។
ក្រោយទទួលបានព័ត៌មានពីភ្នាក់ងារ សារព័ត៍មាន លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានឱ្យដឹងថា លោកនឹងចាត់ឲ្យមន្ត្រីឆ្មក់ឃ្លាំមើល គង់តែនឹងជួបពេលនោះនឹងអនុវត្តតាមនិតិវិធី មិនលើកលែងទេ បើនៅតែហ៊ានប្រព្រឹត្តល្មើសដូច្នេះ។
លោកបន្តថា លោកមិនចង់ឃើញអ្នកនេសាទមកយំសោក នៅពេលដែលជំនាញអនុវត្តន៍នូវនិតិវិធីច្បាប់នោះទេ។ ក្នុងនោះលោកថា មន្ទីរជំនាញក៏កំពុងរកមុខរបរបន្ថែមជូនប្រជានេសាទ ព្រោះតែមិនចង់ឲ្យបងប្អូនអ្នកនេសាទ បន្តប្រព្រឹត្តិទង្វើល្មើសច្បាប់តាមរយៈការនេសាទដោយប្រើឧបករណ៍ខុសច្បាប់តទៅទៀត។
យ៉ាងណាលោកសំណូមពរឱ្យ ប្រព័ន្ធផ្សព្វផ្សាយជំរុញការផ្សព្វផ្សាយច្បាប់នានាដែលមានចែង បញ្ជ្រាបដល់អ្នកនេសាទ សម្រាប់ការយល់ដឹងក្នុងន័យឈានទៅកាត់បន្ថយការប្រើប្រាស់ឧបករណ៍នេសាទទាំងនោះ ដើម្បីធានាការពារធនធានជលផលសមុទ្រខេត្តកែបប្រកបដោយនិរន្តភាព។
គួបញ្ជាក់ថាកន្លងទៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសស្តីពីការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ នៅប្រជុំកោះពោធិ៍ និងកោះទន្សាយ ខេត្តកែប ក្នុងទំហំ ១១.៣០៧ហិកតា បែងចែកជា កន្លែងអភិរក្សជលផល ដែនជម្រកសុវត្ថិភាពជលផល កន្លែងការពារជលផល និងកន្លែងទេសចរណ៍បាតសមុទ្រ។
ប្រជាពលរដ្ឋបានលើកឡើងថា ការនេសាទប្រើឧបករណ៍ឲ្យឆក់នៅតំបន់ទឹករាក់នេះ វាធ្វើឱ្យប៉ះពាល់ដល់ការ នេសាទរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំងក្នុងការរកប្រាក់ចំណូលចិញ្ចឹមជីវិត៕