(ប៉ៃលិន)៖ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី ឡូញ ឈាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល ខេត្តប៉ៃលិន និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានរៀបចំប្រារព្ធទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌” ។ ទិវានេះមានអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ មន្រ្តីរាជការជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និង បងប្អូនអតីតយុទ្ធជន ជនមានពិការភាព សរុបចំនួន ១៨០នាក់ ។
លោកស្រី ឡូញ ឈាង អភិបាលរងខេត្ត បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាក្រកម្ពុជា និងជាប្រធាន កិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ មកដល់បងប្អូន ជនមានពិការភាពគ្រប់ៗរូប។ លោកស្រី បានមានប្រសាន៍បន្តថា៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ធ្វើឱ្យប្រទេសកម្ពុជា បន្តបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនឈានឡើងលើគ្រប់វិស័យ។ លោកស្រីអភិបាលរងខេត្ត បន្តលើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះជនមានពិការភាព បានប្រារព្ធពិធីដ៏មានអត្ថន័យ ដែលធ្វើឲ្យពួកគាត់កាន់តែមានក្ដីសង្ឃឹម និងជឿជាក់លើថ្នាក់ដឹកនាំ ដែលមិនទុកឲ្យគាត់រស់នៅដោយឯកោ និងមានអ្នកស្លាប់ដោយសារគ្មានអាហារនោះឡើយ។
នៅក្នុងខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស ក្រុមប្រឹក្សាសកម្មភាពជនមានពិការភាព ក៏តែងតែមានការយកចិត្តទុកដាក់ គិតគូពីសុខទុក្ខ របស់បងប្អូន ដែលជាជនមានពិការភាពទាំងអស់ នៅទូទាំងខេត្ត។ ឆ្លៀតក្នុងឱកាសនោះ លោកស្រីអភិបាលរងខេត្ត បានណែនាំគ្រប់មន្ទីរ/អង្គភាព ស្ថាប័ន ព្រមទាំងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ និងមូលនិធិ ជនពិការ ក្នុងការបន្តពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញ រក្សាបាននូវ ទេពកោសល្យ ភាពច្នៃប្រឌិត របស់ជនមានពិការភាព ដែលជាធនធានមួយ ដ៏សំខាន់មិនអាចខ្វះបាន។





