ខេត្តកែប៖ ក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋអភិបាលខេត្តកែប មានប្រសាសន៍ថា ពិធីបើកបវេសនកាលថ្មី ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្ដើមជីវិតសិក្សាដំបូងរបស់សិស្សានុសិស្សគ្រប់រូប ជាពិសេសកុមារតូចៗ នៅតាមមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ នៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់សិក្សាថ្មីចំពោះក្មួយៗដែលបានឡើងថ្នាក់បន្ដទៀត។ឯកឧត្តមបណ្ឌិត មានប្រសាសន៍បែបនេះ ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៣-២០២៤ នៅវិទ្យាល័យ ហ៊ុន សែន ចំការដូង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។
ថ្លែងក្នុងពិធីបើកបវេសនកាលនោះដែរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្រៀនសិស្សានុសិស្សរហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។
ដើម្បីជាការពង្រឹងអភិបាលកិច្ចក្នុងសាលារៀន ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់ លោកនាយក លោកគ្រូ អ្នកគ្រូ យកទៅអនុវត្តន៍ក្នុងនោះផងដែរ ឯកឧត្តមបណ្ឌិត បានសំណូមពរ ឲ្យលោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់លើកកម្ពស់ការប្រើប្រាស់ទឹកស្អាត បង្គន់អនាម័យ រៀបចំបរិស្ថាន ជុំវិញសាលាឱ្យបានល្អ ធ្វើយ៉ាងណាបរិស្ថានក្នុងសាលារៀនត្រូវមានភាពបៃតង។
យោងរបាយការណ៍របស់ លោក ឡុង សុភា នាយកវិទ្យាល័យ ហ៊ុន សែន ចំការដូង បានអោយដឹងថា ក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ វិទ្យាល័យ ហ៊ុនសែន ចំការដូង មានថ្នាក់រៀនសរុបចំនួន ២១ថ្នាក់ មានសិស្សសរុបចំនួន ៨៥១នាក់ ស្រី ៤៥៥នាក់ និងមានបុគ្គលិកអប់រំសរុបចំនួន ៨២នាក់ ស្រី៣៨នាក់។
លោកបញ្ជាក់ថា ក្នុងឆ្នាំសិក្សាកន្លងទៅ សិស្សានុសិស្សគ្រប់កម្រិត បានប្រឡងជាប់មធ្យមភាគសរុបចំនួន ៦១៧នាក់ ស្មើនឹង ៨២,០៥ភាគរយ។ សិស្សបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន ១២៨នាក់ ស្មើនឹង ៨៧,០៧% ៕ សេង ណារិទ្ធ