ដោយសេង ណារិទ្ធ
ខេត្តកំពត៖ ខេត្តកំពតជាខេត្តជាប់ឆ្នេរសមុទ្រស្ថិតក្នុងទិសនិរតី នៃប្រទេសកម្ពុជា មានចម្ងាយពីរាជធានីភ្នំពេញ១៤៨គីគូម៉ែត្រ។បើនិយាយពីសក្តានុពល ខេត្តកំពតមានតំបន់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់ត្រកាលច្រើនកន្លែង ដែលមានភាពទាក់ទាញភ្ញៀវ មិនចាញ់តំបន់ទេសចរណ៍នានា តាមបណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជានោះឡើយ។
ទាក់ទងនឹងតំបន់ រមណីយដ្ឋានជាច្រើនក្នុងខេត្ត លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងនៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ថា ក្នុងខេត្តកំពត មានតំបន់ទេសចរណ៍ប្រកបដោយភាពទាក់ទាញចំនួន៣៤កន្លែង ក្នុងនោះ មានរមណីយដ្ឋានចំនួន ២១ កន្លែង មានរមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្ត្រចំនួន ០៥ កន្លែង វប្បធម៌ ០២ កន្លែង វប្បធម៌ ១៤ កន្លែង ហើយក្នុងឆ្នាំ២០២១ មានរមណីយដ្ឋានទេសចរណ៍កើនឡើងចំនួន ០៤ កន្លែងទៀត ដូចជា ព្រែកក្តាតអេកូរីស៊ត ទំនប់ស្ទឹងភេ ជ្រលងភ្នំក្រហម និងភ្នំទទុង។ ក្នុងនោះដែរសហគមន៍ទេសចរណ៍ក៏មាន ០៤ កន្លែង រួមមាន៖ សហគមន៍ទសចរណ៍ត្រពាំងសង្កែ សហគមន៍ទេសចរណ៍ព្រែកត្នោត(អន្លង់ធំ) សហគមន៍ទេសចរណ៍តំបន់សត្វក្រៀលបឹងអន្លង់ព្រីង និងសហគមន៍ទេសចរណ៍កំពង់សាមគ្គី។ដោយឡែកចំពោះគោលដៅទាក់ទាញទេសចរណ៍ចំនួន ០៤ កន្លែងទៀត ដូចជា តំបន់ចំការម្រេច បេតិកភណ្ឌក្រុងកំពត តំបន់ស្រែអំបិល និងទេសភាពតាមដងព្រែកកំពង់បាយ ព្រមទាំងកន្លែងបោះបង់ចំនួន ០៥ កន្លែង ដែលមានទេសភាពស្រស់បំព្រង ប្រកបដោយសុវត្ថិភាព។
លោក សយ ស៊ីណុល បានបញ្ជាក់ទៀតថា រមណីយដ្ឋានទេសចរណ៍ក្នុងខេត្តកំពត មាន២១កន្លែង រួមមាន៖ រមណីយដ្ឋានទឹកឈូ,ណាតាយ៉ា,កែបថ្មី,ឋានសួគ៌បូកគោ,ភ្នំដូង,ភ្នំកំពង់ត្រាច,កោះតាដា,ប្រាសាទភ្នំខ្យង,ប្រាសាទភ្នំឈ្ងោក,ទំនប់ម្លេច,ទំនប់ប្រទាក់ក្រឡា,កោះសេះ,ស្រះឈូក,អន្លង់ក្មេងលេង,វត្តត្រើយកោះ,ភ្នំនាងសេដាឱន,កសិទេសចរណ៍ចំការម្រេច,ភ្នំទទុង,ស្ទឹងភេ,ជ្រលងភ្នំក្រហម,និងព្រែកក្តាតអេកូរីស៊ត៕