កិច្ចប្រជុំប្រមូលធាតុចូល ក្រោមប្រធានបទ(ការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ) មុនសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ធំ              

0

 កំពង់ធំ៖ ឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ អភិបាលក្រុង/ស្រុកទាំង៩ និង មន្ត្រីរាជការជាច្រើននាក់បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រមូលធាតុចូល ក្រោមប្រធានបទ(ការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ) មុនសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។  ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម សុក ហៃ បានលើកឡើងថា ចំពោះបញ្ហាទំនាស់ដែលកើតមានឡើងនៅក្រុង/ស្រុកមាន២២ករណី ហើយប្រភេទនៃទំនាស់មាន÷ ទំនាស់ព្រំដី ដណ្តើមសិទ្ធិកាន់កាប់(ការគ្រប់គ្រង) ទំនាស់ពីកំហុសបច្ចេកទេសរបស់មន្ត្រីជំនាញ ការរំលោភបំពានទៅលើដីធ្លីរបស់រដ្ឋ (ប្រជាពលរដ្ឋជាមួយរដ្ឋ) ទំនាស់ព្រំប្រទល់រវាងឃុំ/ស្រុកនិងខេត្ត គឺស្រុកបារាយណ៍ ជាមួយស្រុកចំការលើខេត្តកំពង់ចាម ទំនាស់ផ្លូវឬដីសាធារណៈ(ការបិទផ្លូវការហ៊ុព័ទ្ធអូរប្រឡាយ) គ្មានបណ្ដឹងបញ្ជូនមកពីគណៈកម្មការសុរិយោដីក្រុង/ស្រុក។ មូលហេតុនៃទំនាស់÷ ដោយសារដីគ្មានរបងព្រំ ដីទិញទុកចោលការធ្វើរបង ឬសំណង់ផ្សេងៗមិនបានដាក់ពាក្យមកមន្ត្រីសុរិយោដី។

ឯកឧត្តមអភិបាលរងខេត្ត ក៏បានបន្តទៀតថា ចំពោះបញ្ហាប្រឈមមាន÷ ដីដែលមិនទាន់ចុះបញ្ជី ប្លង់ដីមិនច្បាស់លាស់មានការទិញលក់ជាន់គ្នាច្រើនម្ចាស់  សំណុំរឿងដែលតុលាការបញ្ជូនមកមានសាលក្រមតុលាការហើយបញ្ជូនមកគណៈកម្មការសុរិយោដី តុលាការនៅតែទទួលយកដំណោះស្រាយដីដែលមិនទាន់បានចុះបញ្ជី(ធ្វើឱ្យភាគីឈ្នះក្តីមានសិទ្ធិជាងភាគីចាញ់ក្តី ហើយភាគីឈ្នះក្តីមិនចូលរួមដោះស្រាយ) មិនទាន់បានអនុវត្តតាមយន្តការដែលមានស្រាប់។ ទំនាស់មួយចំនួនបានដោះស្រាយចប់រួចរាល់ តែមានបុគ្គលមួយចំនួនលក់ដៃយករឿងនោះមកធ្វើការដោះស្រាយម្ដងទៀត អាជ្ញាធរភូមិ/ឃុំមួយចំនួនតូច នៅតែបន្តចុះហត្ថលេខាទទួលស្គាល់ និងផ្ទេរសិទ្ធិទៅលើដីព្រៃសហគមន៍ ដីអភិរក្សនិងស្ថាប័នមានសមត្ថកិច្ច បានបញ្ជាក់គតិយុត្តិទៅលើដីសាធារណៈរបស់រដ្ឋ។ ករណីទំនាស់ដីធ្លីមួយចំនួនតិចនៅក្នុងតំបន់ហាមឃាត់ អាជ្ញាធរពិបាកទប់ស្កាត់និងដោះស្រាយ ការចុះបញ្ជីដីធ្លីមិនទាន់ឆ្លើយតបតាមចំណូមពររបស់ប្រជាពលរដ្ឋ។

ឯកឧត្តម សុក ហៃ បានបន្ថែមទៀតថា វិធានការដោះស្រាយ÷ គួរពង្រឹងយន្តការនៃការអនុវត្តប្រកាសរួមលេខ០២របស់ក្រសួងយុត្តិធម៌ និងក្រសួងដែនដីត្រូវតែមានវិធានការតាមផ្លូវច្បាប់លើបុគ្គលដែលញុះញង់ និងអ្នកនៅពីក្រោយខ្នងទំនាស់ដីធ្លី។ ពង្រឹងការអនុវត្តយន្តការដែលមានស្រាប់ ដែលបន្តធ្វើការបណ្ដុះបណ្ដាល ជំរុញការធ្វើវេទិកាសាធារណៈ ដោយផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់អំពីការប្រើប្រាស់ដីនៅតំបន់ហាមឃាត់ និងដីសាធារណៈរបស់រដ្ឋ។ ពន្លឿនការចុះបញ្ជីដីធ្លីឱ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការចុះបញ្ជីដីសហគមន៍។

ជាចុងក្រោយឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានលើកទឹកចិត្តដល់អភិបាលក្រុង/ស្រុក និងអ្នកចូលរួមទាំងអស់ធ្វើការសំណូមពរគឺ រាល់ការដោះស្រាយទំនាស់ដីធ្លីទាំងអស់ ត្រូវមានការចូលរួមពីជំនាញនិងអ្នកពាក់ព័ន្ធ អាជ្ញាធរភូមិ/ឃុំត្រូវបញ្ឈប់ការចុះហត្ថលេខាបញ្ជាក់ពីការទទួលស្គាល់ ការផ្ទេរសិទ្ធិប្រទានកម្មមរតក លើដេកដែលមិនស្របច្បាប់។ ជំរុញជំរុញការផ្សព្វផ្សាយ និងអនុវត្តច្បាប់ឃុំភូមិបាល ព្រៃឈើជលផល កិច្ចការពារបរិស្ថាន ផ្លូវថ្នល់ និងក្រិត្យទាំងឡាយដែលមានការពាក់ព័ន្ធ។ ផ្ដល់ការបណ្ដុះបណ្ដាលដល់គណៈកម្មការសុរិយោដីក្រុង/ស្រុក និងខេត្ត៕ អត្ថបទលោកធូ កែវមុន្នី-ពិនិត្យដោយអ៊ុម ញឹប