រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ សម័យបច្ចេកវិទ្យាទំនើប ប៉ុន្តែមន្ត្រីយើង មិនទាន់មានជំនាញច្បាស់លាស់នៅឡើយ ដូច្នេះត្រូវបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពបន្ថែមទៀត

0

កំពង់ចាម: ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា សម័យបច្ចុប្បន្នបច្ចេកវិទ្យាទំនើប ប៉ុន្តែមន្ត្រីរបស់យើង មិនទាន់មានជំនាញច្បាស់លាស់នៅឡើយ ដូច្នេះចាំបាច់យើងត្រូវគិតគូរ បណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ពួកគាត់បន្ថែម ដើម្បីឱ្យស៊ីចង្វាក់ជាមួយនឹងអ្វីដែលជាការវិវត្ត នៃប្រព័ន្ធផ្សព្វផ្សាយ យើងមិនអាចយកកិច្ចការដែលចេះពីសម័យមុនមកធ្វើការងារត្រឹមតែចំណេះដឹងដដែលៗនោះទេ ពោលគឺ មន្ត្រីយើងត្រូវតែពង្រីកសមត្ថភាព និងពង្រឹងចំណេះដឹងដែលយើងមាន ឱ្យស្របទៅនឹងការវិវត្តន៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់យើងផងដែរ។ ថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៣ ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា នៅក្នុងអាណត្តិទី៧ នេះ ក្នុងក្របខណ្ឌ នៃការងាររបស់ក្រសួងព័ត៌មាន បានដាក់ចុះ នូវគោលនយោបាយជារួមគឺ ការកំណែទម្រង់មុខងារសាធារណៈ និងការធ្វើទំនើបកម្ម ស្ថាប័នរបស់ក្រសួងព័ត៌មានផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា នៅក្នុងទិសដៅរបស់ក្រសួងព័ត៌មាន គឺបានកំណត់ នូវចក្ខុវិស័យ ធ្វើយ៉ាងណាឱ្យវិស័យព័ត៌មាន ទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាល និងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្ដេច ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ជាមួយគ្នានោះដែរ ឯកឧត្តម នេត្រ ភក្រ្តា បានវាយតម្លៃខ្ពស់ ចំពោះមន្ទីរព័ត៌មានខេត្តកំពង់ចាម ដែលបានបំពេញការងារនាពេលកន្លងមក បើទោះបីជា ជួបការលំបាក និងបញ្ហាប្រឈមខ្វះខាតសម្ភារ: យ៉ាងណាក៏ដោយ ក៏នៅតែជំនះ ទៅលើការបំពេញការងាររបស់ខ្លួន រហូតទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងបានលើកទឹកចិត្ត ដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ចាមឱ្យខិតខំពង្រឹងសមត្ថភាព ដើម្បីផលិតព័ត៌មានជូនដល់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ឱ្យបានឆាប់រហ័ស និងប្រកបដោយគុណភាព ស្របតាមសម័យ កាលដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបផងដែរ ៕