កំពត៖ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពី ពិធីសម្ពោធសមិទ្ធផលអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពត ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកជាមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាភិបាលខេត្ត ព្រមទាំងគណៈប្រតិភូអមដំណើរជាច្រើនរូប។
ក្នុងពិធីសំណេះសំណាលនាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជូននូវអនុសាសន៍ល្អៗ ក្នុងនោះបានសង្កត់ធ្ងន់លើការពង្រឹងវិន័យការងារ ការរក្សាសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការផ្ទៃក្នុង ពិសេសការសិក្សាស្វែងយល់បន្ថែមពីបច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើការងារបានលឿនឆាប់រហ័ស ឱ្យស្របនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបានដាក់ចេញ។ ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងពីការរៀបចំកំណែទម្រង់របស់ក្រសួង ដែលមានផែនការអាទិភាពចម្បងចំនួន២ និងយន្តការគាំទ្រចំនួន ៤ចំណុចផ្សេងទៀត មកជម្រាបជូនដល់សមាជិក សមាជិកានៃអង្គពិធី ដែលជាមន្ត្រីឱ្យបានជ្រាប ដើម្បីបន្តអនុវត្តក្នុងអង្គភាព ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។
មុននឹងបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋមន្ត្រី បានបំពាក់គ្រឿងឥស្សរិយយសការងារ ជូនដល់មន្ត្រីដែលមានស្នាដៃ និងផ្តល់ជូននូវសម្ភារ ផ្លាកសញ្ញាសុវត្ថិភាពការដ្ឋានផ្លូវថ្នល់ មួកការដ្ឋាន អាវចំណាំងផ្លាត ម៉ាស៊ីនកាត់ស្មៅ និងកៅស៊ូត្រជាក់ Cold Mix ចំនួន ២០០បាវ ដល់មន្ទីរសម្រាប់ប្រើប្រាស់ក្នុងការជួសជុលថែទាំផ្លូវ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងផ្តល់កិត្តិយសថតរូបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ទុកជាអនុស្សាវរីយផងដែរ៕