សមត្ថកិច្ចមិនហ៊ានបង្ក្រាប ល្បែងស៊ីសងអនឡាញតាមកុំព្យូទ័រជាច្រើនទីតាំង ក្នុងក្រុងដូនកែវ

0

ខេត្តតាកែវ ៖ កើតមានល្បែងសុីសងក្នុងកុំព្យូទ័រឡែបថប តាមប្រព័ន្ធអនឡាញជាច្រើនកន្លែងនៅតាមហាងកាហ្វេសងខាងផ្លូវវៀងក្រុងលេខ២១ ចំណុចខាងត្បូងផ្សារធំខេត្តតាកែវ ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដូចជាមិនរំខានដល់សមត្ថកិច្ចបន្តិចសោះ ឬមួយចង្វា ចិញ្ចឹមឆ្តោ?…។

ទីតាំងល្បែងស៊ីសងជ្រកក្រោម ហាងកាហ្វេទាំងនោះ បើកដំណើរការលេងស៊ីសងមាន មាន់ជល់អនឡាញ ឡូតូ បើកដំណើរការជារៀងរាល់ថ្ងៃនិងមានអ្នកមកលេងទីជិតទីឆ្ងាយជួបជុំគ្នាលេងល្បែងភ្នាល់ដាក់លុយ រាប់លានរៀល និងស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ដោយគ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចសោះ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើសំណូមពរទៅលោកមេប៉ុស្តិ៍រកាក្រៅ ជាពិសេសលោក ឥន្ធ មណ្ឌល អធិការនគរបាលក្រុងដូនកែវចុះបង្ក្រាបទីតាំងល្បែងស៊ីសងតាមអនឡាញជ្រកក្នុងហាងកាហ្វេក្នុងដំបន់ខ្លួនផង។
លោកមេប៉ុស្តិ៍រកាក្រៅមិនបានឆ្លើយតបទេ រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣នេះ ពាក់ព័ន្ធនឹងល្បែងស៊ីសងក្នុងមូលដ្ឋានខ្លួន។ លោក ឥន្ធ មណ្ឌល អធិការនគរបាលក្រុងដូនកែវ ក៏មិនបានឆ្លើយតបដែរ ឬមួយជាឆ្នាំបាយរបស់គាត់។
គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង អតីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។

យោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖អ្នកញៀនល្បែងស៊ីសង ផ្អែកតាម
មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។មេបនល្បែងស៊ីសង ផ្អែកតាម
មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកនេះជាអតិបរមា៕ ពូស្មីត