កម្ពុជា-ថៃសម្ពោធដាក់អោយប្រើប្រាសមជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាជនរងគ្រោះ -ប៉ោយប៉ែតនៅខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖ មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាជនរងគ្រោះ -ប៉ោយប៉ែត (Poipet Transit and Rehabilitation Center for Victims ) នៅខេត្តបន្ទាយមានជ័យត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃច័ន្ទទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្ដម អភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) តំណាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកឆឺតតាក់គាត អាត់ថាករ (HE Cherdkiat ATTHAKOR ) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា និងចូលរួមដោយលោកលោកស្រីសមាជិកស្ថាប័ននិតិបញ្ញត្តិ និតិប្រតិបត្តិ ថ្នាក់ដឹកនាំស្ថាប័ន ខេត្ត ស្រុកក្រុង អង្គការដៃគូអភិវឌ្ឍន៍ មន្ត្រីរាជការ កងកម្លាំង ពលរដ្ឋ សិស្ស យុវជនរាប់រយនាក់ ។

ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទារបានថ្លែងថា :មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ -ប៉ោយប៉ែត ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់សេវា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំ សុខភាព អប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បំណិនជីវិតដល់ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្សប្រកបដោយសុខសុវត្ថិភាព និងគ្មានការរើសអើងជាតិសាសន៍ និងពិការភាព។

ឯកឧត្ដម រដ្ឋមន្ត្រីបានបន្តថា : ពិធីថ្ងៃនេះគឺជាសក្ខីភាពបង្ហាញនូវវឌ្ឍនភាព និងសមិទ្ធផលថ្មីមួយបន្ថែមទៀត លើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលផ្តោតសំខាន់លើកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា “សម្រាប់ការកសាង និង ការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨” និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ “ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”។

ឯកឧត្ដម ជា សុមេធី មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ការបង្កើត និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែតនេះគឺជា ទឡ្ហីករណ៍មួយបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគោល នយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីសំដៅផ្តល់កិច្ចគាំពារ និងគាំទ្រនូវសេចក្តីត្រូវការចាំបាច់របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស តាមរយៈ ការផ្តល់សេវាសមស្របទប់ស្កាត់រាល់អំពើជួញដូរមនុស្សក្នុងប្រទេសនិងឆ្លងកាត់ព្រំដែន ។ជាពិសេសការជួយជនរងគ្រោះតាមរយៈការស្តារនីតិសម្បទា សមាហរណកម្ម និងការពារសិទ្ធិជនរងគ្រោះ ស្របតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្តែងរបស់កម្ពុជា និងតម្រូវការចំពោះមុខ»។

មជ្ឈមណ្ឌលនេះមានផ្តល់ការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ: ចំនួន០៥មុខជំនាញ រួមមាន៖ កាត់ដេរ សាឡន ធ្វើម្ហូប/បង្អែម អគ្គិសនី ទឹក និងម៉ាស៊ីនត្រជាក់ផងដែរ។
មជ្ឈមណ្ឌលនេះជាជំនួយឥតសំណងពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃតាមរយ:ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិថៃ(TICA :Thailand International Cooperation Agency )សម្រាប់ជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដែលបានសាងសង់អស់ទឹកប្រាក់សរុប ២ .១៩៩ .៩២០ដុល្លារអាមេរិក លើផ្ទៃដីទំហំសរុប ៩.៧៦៨ ម៉ែត្រការ៉េ មានទីតាំងនៅភូមិប្រជាធម្មខាងកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

គម្រោងសាងសង់១ឆ្នាំ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នឹងបញ្ចប់នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣ ដែលមានទំហំផ្ទៃដីសរុប ៩ .៧៦៨ ម៉ែត្រការ៉េ (បណ្តោយ ១០១,៣៩ម ទទឹង ៩៦,៣៤ម)។

ការទទួលជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងជនងាយរងគ្រោះដ៏ទៃទៀតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ការទទួលពលករ ពលការិនីកម្ពុជាបញ្ជូនមកពីប្រទេសថៃក្នុង១ថ្ងៃ ជាមធ្យម ៥០នាក់។

ឯកឧត្ដម ឆឺតតាក់គាត អាត់ថាករ (HE Cherdkiat ATTHAKOR ) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា បានថ្លែងថា : មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាជន រងគ្រោះប៉ោយប៉ែត គឺជាមជ្ឈមណ្ឌលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា-ថៃ ក្នុងការជួយដល់ជនរងគ្រោះ ជាពិសេសពលករដែលរងគ្រោះដោយអំពើជួញដូរមនុស្សនិងពលករទេសន្តរប្រវេសន៍ដែលចាកចេញទៅធ្វើការនៅក្រៅប្រទេស រួមទាំងនៅប្រទេសថៃផងដែរ ។
លោកទូតថៃបានបន្តថា : ក្នុងនាមប្រទេសសមាជិកអាស៊ាននិងជាប្រទេសភូមិផងរបងជាមួយជិតខាង ថៃតែងតែពង្រីក ពង្រឹងទំនាក់ទំនង មិត្តភាព កិច្ចសហប្រតិបត្តិការល្អ ហើយចង់ឃើញប្រទេសនិងប្រជាជនកម្ពុជាមានការរីកចម្រើនលើវិស័យសេដ្ឋកិច្ចនិងសង្គមកិច្ច ។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្នុងនាមសម្តេចធិបតីហ៊ុន ម៉ាណែតនិងរាជរដ្ឋាភិបាលបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ដែលផ្តលើជំនួយនេះដោយចាត់ទុកថាជាកាយវិការសហប្រតិបត្តិការប្រកបដោយឆន្ទៈនយោបាយរួមរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនិងការរំលោភបំពានផ្សេងៗទៀត ព្រម ទាំងការជួយជនរងគ្រោះដោយអំពើជួញដូរមនុស្ស។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីបន្ថែមថា៖ បានប្រកាសបង្កើនកិច្ចសហការជាមួយរាជរដ្ឋាភិបាលថៃ និងបណ្តាប្រទេសដទៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗទៀត។ គួរឲ្យដឹងផងដែរថា មុនការសម្ពោធឲ្យប្រើប្រាស់មជ្ឈមណ្ឌលនេះក៏ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ប្រារព្ធពិធីប្រគល់-ទទួលជានិមិត្តរូប កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាពផងដែរ ។
សូមរំលឹកថា មជ្ឈមណ្ឌលសំចតនិងទទួលជនរងគ្រោះដោយសារការជួញដូរនេះត្រូវបានលោកសេ្រដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រថៃដែលជាប់ឆ្នោតថ្មីកាលពីខែកក្កដា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើជាអធិបតីភាពពិធីទទួលនិងប្រគល់ផ្លូវការរកាលពីថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២៣ កន្លងមកនៅវិមានសន្តិភាព រាជធានីភ្នំពេញ ៕ដោយ៖ឃិន គន្ធា