ដោយ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ កម្ពុជា លោក គីម រិទ្ធី បានដឹកនាំគណៈប្រតិភូ ដើម្បីជួបពិភាក្សារជាមួយ អភិបាលខេត្តឧប៊ុនរាជធានី ថៃ លោក ស៊ូផាសិទ្ធ កូចារឿនយុត ក្នុងការស្នើសុំបើកអោយដំណើរការច្រកទ្វាព្រំដែនអានសេះ-អានម៉ា ទៅជាកម្រិតច្រកអន្តរជាតិ នាពេលខាងមុខ ជាប្រយោជន៍បម្រើអោយវិស័យសេដ្ឋកិច្ច-សង្គម និងការអភិវឌ្ឍន៍តំបន់ព្រំដែន អោយក្លាយជាព្រំដែនសន្តិភាព មិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការជិតស្និទ្ធ រវាងប្រទេសទាំងពីរកម្ពុជា-ថៃ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅលើភ្នំអានសេះ ស្ថិតនៅក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
កិច្ចពិភាក្សារ រវាងអាជ្ញាធរខេត្តព្រះវិហារ កម្ពុជា និងអាជ្ញាធរខេត្តឧប៊ុនរាជធានី ថៃ បានផ្តោតលើកត្តា ២យ៉ាងសំខាន់ គឺ ១.ជំរុញអោយមានការបើកដំណើរការច្រកអានសេះ-អានម៉ា ៧ថ្ងៃ ក្នុងមួយសប្តាហ៍ និង ២.ជំរុញអោយតម្លើងច្រកទ្វាអានសេះ-អានម៉ា ទៅជាកម្រិតច្រកអន្តរជាតិ។
អភិបាលខេត្តព្រះវិហារ កម្ពុជា លោក គីម រិទ្ធី បានថ្លែងថា នៅរយៈកាលកន្លងមក កម្ពុជា-ថៃ សម្រេចបាននូវលទ្ធផលជាច្រើន ដែលកើតឡើងពីកិច្ចខិតខំប្រឹងប្រែង រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន តាមបណ្តោយព្រំដែន ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ អំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះកម្ពុជា-ថៃ(JCR)លើកទី២ ការសម្របសម្រួលដល់ការធ្វើជំនួញផលិតផលកសិកម្មឆ្លងកាត់ព្រំដែន ការសម្របសម្រួលប្រជាពលរដ្ឋនៅព្រំដែន បានឆ្លងដែនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យស្រុកណាំយ៉ឺន និងមន្ទីរពេទ្យខេត្តឧប៊ុនរាជធានី ការសហការរៀបចំរួមគ្នាក្នុងវិស័យប្រពៃណីសាសនា ការដង្ហែរទៀនវស្សា ការធ្វើបុណ្យកឋិនទាន ការដាំកូនឈើ និងការធ្វើបុណ្យប្រពៃណីផ្សេងៗទៀត ព្រមទាំងការបញ្ជូនសិស្ស-និស្សិត អោយទៅបន្តសិក្សានៅតាមសកលវិទ្យាល័យនានា ក្នុងខេត្តឧប៊ុនរាជធានី ផងដែរ។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ កម្ពុជា បានស្នើសុំភាគីថៃ អោយបន្តកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរព័ត៌មានអោយគ្នា នូវរាល់សភាពការណ៍ និងបាតុភាពនានា ដែលកើតមានតាមបណ្តោយព្រំដែន និងជម្រុញការបើកអោយដំណើរការ ច្រកអានសេះ-អានម៉ា ៧ថ្ងៃ ក្នុងមួយសប្តាហ៍ និងឈានទៅតម្លើងជាកម្រិតច្រកអន្តរជាតិ តាមស្មារតីកិច្ចប្រជុំ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ អោយកាន់តែល្អប្រសើរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក៏ដូចជាការពង្រឹងចំណងមិត្តភាព សាមគ្គីភាព អោយកាន់តែជិតស្និទ្ធថែមមួយកម្រិតទៀត រវាងខេត្តព្រះវិហារ កម្ពុជា និងខេត្តឧប៊ុនរាជធានី ថៃ។
លោកអភិបាលខេត្តព្រះវិហារ កម្ពុជា ស្នើសុំភាគីថៃ រកការបន្តពង្រឹងចំណងសាមគ្គីភាព រវាងកងកម្លាំងការពារព្រំដែន នៃប្រទេសទាំងពីរ រក្សាបានព្រំដែនសន្តិសុខ មិត្តភាព និងរក្សាស្ថានភាពដើមនៅតំបន់ព្រំដែន ដែលមិនទាន់មានការឯកភាពគ្នា រហូតដល់គណៈកម្មការព្រំដែននៃប្រទេសទាំងពីរ ឯកភាពលើខ័ណ្ឌសីមា និងបោះបង្គោលព្រំ តាមតំបន់នោះអោយរួចរាល់ជាស្ថាពរសិន។
អភិបាលខេត្តឧប៊ុនរាជធានី ថៃ លោក ស៊ូផាសិទ្ធ កូចារឿនយុត បានថ្លែងថា ភាគីថៃនឹងស្នើសុំទៅក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ ដើម្បីពន្លឿនបើកអោយដំណើរការច្រកទ្វាមួយនេះ (អានសេះ-អានម៉ា) អោយទៅជាច្រកអន្តរជាតិ ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ អោយកាន់តែល្អប្រសើរ តាមរយៈការទំនាក់ទំនង និងការផ្លាស់ប្តូរទំនិញរួមគ្នា៕