លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើលិខិតសុំទោសចំពោះកំហុសឆ្គង់របស់ខ្លួន ក្រោយមានការបែកធ្លាយសំឡេងឆ្លើយឆ្លង ដែលធ្វើឲ្យប៉ះពាល់ដល់ កិត្តិយសរបស់លោក អ៊ុំ រាត្រី អភិបាលខេត្ត

0

បន្ទាយមានជ័យ: លិខិតសុំទោសផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ លោក សាន ស៊ានហូ បានបញ្ជាក់យ៉ាងដូច្នេះថា (ប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំបាទបានប្រព្រឹត្តអំពើខុសឆ្គងយ៉ាងធ្ងន់ធ្ងរដោយបានធ្វើការផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសបុក តាមគណនីរបស់ខ្ញុំបាទផ្ទាល់ និងតាមបទសម្ភាសរបស់សាព័ត៌មាន ដែលធ្វើឲ្យប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាមានជ័យ ពិសេសធ្វើឲ្យប៉ះពាល់ដល់លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយដែលបានសង្គ្រោះប្រជាជនកម្ពុជា និងកំពុងដឹកនាំប្រទេសជាតិកម្ពុជា ឲ្យទទួលបានសុខសន្តិភាព ការអភិវឌ្ឍន៍ទៅមុខ និងមាន ការរីកចំរើនលើគ្រប់វិស័យ។
ខ្ញុំបាទមានការភ្ញាក់រលឹក និងដឹងពីកំហុសឆ្គងដែលខ្ញុំបាទបានប្រព្រឹត្ត។ ខ្ញុំបាទសូម គោរពសុំការខន្តីអភ័យទោសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា មេត្តាលើកលែងទោសនូវ កំហុសឆ្គងរបស់ខ្ញុំបាទ ខ្ញុំបាទសូមសន្យា ថានឹងលុបចោលនូវសារសំលេង និងវិដេអូទាំងអស់របស់ខ្ញុំ និងបញ្ឈប់រាល់សកម្មភាព ទាំងឡាយណាដែលធ្វើប៉ះពាល់ដល់ថ្នាក់ដឹកនាំ សង្គមជាតិ និងសន្យាថាបន្តខិតខំប្រឹងប្រែង ចូលរួមអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើនទៅមុខបន្តទៀត)៕