អភិបាលខេត្តព្រះវិហារ ក្រើនរំលឹកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក អោយពង្រឹងសមត្ថភាពមន្ត្រីនគរបាលយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឲ្យមានប្រសិទ្ធភាព

0

ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿនរបស់ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ នាថ្ងៃទី១៩ធ្នូ២០២៣ ដែលមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង-ស្រុកទាំង៨ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មេឃុំ-ចៅសង្កាត់ មេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ផងដែរ ។

នៅក្នុងកិច្ចប្រជុំនោះ បានលើកឡើង អំពីបញ្ហាប្រឈម ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំឆ្នាំ២០២៣ សន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន បទល្មើសធនធានធម្មជាតិ ការជួញដូរមនុស្ស និង បទល្មើសផ្សេងៗជាច្រើនទៀត នៅក្នុងមូលដ្ឋាននីមួយៗ ។

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង កោតសរសើរ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក ដែលបានខិតខំបំពេញការងារ សម្រេចបានលទ្ធផលល្អប្រសើរ និងបានទប់ស្កាត់បានយ៉ាងល្អ នូវសកម្មភាពឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសផ្សេងៗ នៅក្នុងភូមិសាស្រ្តខេត្ត ជាពិសេសនៅតាមបន្ទាត់ព្រំដែន នាពេលកន្លងមក ។

លោក គីម រិទ្ធី បានជំរុញគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក ត្រូវបន្ដខិតខំបំពេញការងារបន្ថែមទៀត ដើម្បីរក្សាបានសុខសុវត្ថិភាព និងភាពសុខុដុមរម្យនា ជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ត្រូវបន្តពង្រឹងអនុវត្តន៍តួនាទីភារកិច្ចជំនាញ លើការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ រៀបចំឲ្យមានមន្រ្តីប្រចាំការទទួលខុសត្រូវ ដើម្បីដោះស្រាយការស្នើសុំសេវាផ្សេងៗ ពីប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ពង្រឹងយន្តការតាមដាន ត្រួតពិនិត្យបញ្ហាដឹកនាំការអនុវត្ត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និង ស្រាវជ្រាវបង្ក្រាបបទល្មើសឲ្យមានប្រសិទ្ធភាព ត្រូវលើកកម្ពស់គុណភាព និងសមត្ថភាពរបស់ មន្ត្រីនគរបាលយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ត្រូវពង្រឹង និងពង្រីកប្រជាការពារបន្ថែម ដើម្បីឲ្យសមស្របតាមតម្រូវការ និងភូមិសាស្រ្តជាក់ស្តែងរបស់មូលដ្ឋាន ត្រូវបង្កើនការអប់រំ ផ្សព្វផ្សាយ អំពីច្បាប់ពាក់ព័ន្ធ និងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងបង្កើនការផ្លាស់ប្តូរព័ត៌មានជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីស្រាវជ្រាវទប់ស្កាត់បទល្មើសផ្សេងៗ ដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង៕ដោយ៖ឡុង សំបូរ